(ម៉ូស្គូ)៖ តុលាការនៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី នឹងចាប់ផ្តើមបើកសវការស្តាប់នៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថាតើគួរផ្តន្ទាសទោសមេបក្សប្រឆាំងលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដាក់ពន្ធនាគារ ២ឆ្នាំ និង ៦ខែបន្ថែមទៀត ឬមួយក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Navalny អាយុ ៤៤ឆ្នាំ ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួននៅព្រលានយន្តហោះ និងបញ្ជូនទៅឃុំឃាំងជាបណ្តោះអាសន្ន ក្រោយពីលោកបានត្រលប់មកពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់វិញ។ លោក Navalny ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់កាលពីខែសីហា ឆ្នាំ២០២០ ដោយសារតែលោកត្រូវគេដាក់ថ្នាំបំពុល ហើយក្រោយការជះសះស្បើយបានបន្តិច មេបក្សប្រឆាំងរុស្ស៊ីរូបនេះបានចោទប្រកាន់ត្រង់ៗតែម្តងថា លោក វ៉្លាឌីមៀ ពូទីន គឺជាអ្នកដែលស្ថិតនៅពីក្រោយករណីបំពុលនេះ។

មេធាវីមួយរូបនៅរុស្ស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក Navalny អាចជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង ៦ខែទៀត ដោយសារតែកាលពីមុនមេបក្សប្រឆាំងរូបនេះ បានជាប់ឃុំក្នុងលំនៅឋានអស់រយៈពេលមួយឆ្នាំរួចទៅហើយ ក្រោយពីតុលាការរុស្ស៊ីបានផ្តន្ទាទោសរូបលោក ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ និង ៦ខែ ពីបទរំលោភលើបទប្បញ្ញតិនៃការព្យួរទោស ដែលត្រូវបានប្រព្រឹត្តកាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា ក្រោយការចាប់ឃុំខ្លួនលោក Navalny នៅក្នុងរយៈពេល ០២សប្តាហ៍មកនេះ អាជ្ញាធររុស្ស៊ីក៏បានប្រឹងប្រែងទប់ទល់នឹងបាតុកម្មប្រឆាំងតវ៉ា ដែលបានផ្ទុះឡើងទ្រង់ទ្រាយធំ មិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះដែរ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ អាជ្ញាធរប៉ូលិសបានចាប់ខ្លួនបាតុកររហូតដល់ទៅជាង ៥,៤០០នាក់ឯណោះ ដែលបានបំពានបំរាម។ ក្រុមអ្នកគាំទ្រលោក Navalny កំពុងតែបំផុសឲ្យមានបាតុកម្មបន្ថែមទៀត នៅទូទាំងប្រទេសរុស្ស៊ី សម្រាប់ថ្ងៃអង្គារនេះតែម្តង ដែលជាពេលតុលាការទីក្រុងម៉ូស្គូ ចាប់ផ្តើមបើកសវនាការ៕