(សិង្ហបុរី)៖ បើយោងតាមក្រសួងកម្មឧតុនិយមសិង្ហបុរី ហៅកាត់ថា MSS បានឲ្យដឹងថា អាកាសធាតុនឹងប្រែជាក្តៅហើយស្ងួត នៅពាក់កណ្តាលដើម ខែកុម្ភៈនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០១ ខែកម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងឧតុនិយមសិង្ហបុរី (MSS) បាននិយាយថា សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងមានពីចន្លោះ ២៤ ទៅ ៣៣អង្សាសេ សម្រាប់ថ្ងៃភាគច្រើននៃរយៈពេល ២សប្តាហ៍ខាងមុខ។

ជាមួយគ្នានេះ ក្រសួងបានបន្ថែមទៀតថា «សរុបមក ទឹកភ្លៀងសម្រាប់ពាក់កណ្តាលដើម ខែកុម្ភៈឆ្នាំ ២០២១ នេះត្រូវបានគេរំពឹងថា នឹងមានកម្រិតទាបជាងធម្មតា នៅតាមតំបន់ភាគច្រើននៃកោះនេះ»

គួរបញ្ជាក់ថា នៅខែមករាកន្លងទៅនេះ គឺជាខែដែលមានសំណើមបំផុតទី២ ចាប់តាំងពីខែមករា ក្នុងឆ្នាំ១៨៦៩ មក ហើយអត្រាទឹកភ្លៀងដែលខ្ពស់បំផុត សម្រាប់ខែមករា គឺមានចំនួន ៨១៨.៨មីលីម៉ែត កាលពីខែមករា ឆ្នាំ១៨៩៣៕