(បរទេស)៖ ខណៈជំងឺ COVID-19 បាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ស្ថានការណ៍អន្តរជាតិដែលបានប្រែប្រួលមិនធ្លាប់មាន ក្នុងរយៈពេលមួយរយឆ្នាំកន្លងមកនេះ បានបណ្តាលឱ្យការអភិវឌ្ឍរបស់មនុស្សជាតិប្រឈមនឹងឧបសគ្គដ៏ធំ។ ក្នុងបរិបទបែបនេះ អ្នកដឹកនាំនៃប្រទេសជាច្រើនបានអំពាវនាវសហគមន៍អន្តរជាតិ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ គាំពារ និងអនុវត្តពហុភាគីនិយម ដើម្បីរួមគ្នាទប់ទល់នឹងការប្រឈមជាសកល ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងការធ្លាក់ចុះនៃសេដ្ឋកិច្ចជាដើម ។

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានថ្លែងថា នាបច្ចុប្បន្ននេះ សហគមន៍អន្តរជាតិជួបបញ្ហាប្រឈមជាច្រើន ដូចជាការរីករាលដាលនៃជំងឺ COVID-19, ការស្តារសេដ្ឋកិច្ចឡើងវិញ និងការប្រែប្រួលអាកាសធាតុជាដើម។ ដូច្នេះហើយបើចង់ទប់ទល់នឹងការប្រឈមទាំងនេះ ការធ្វើកិច្ចសហប្រតិបតិ្តការអន្តរជាតិមានសារៈសំខាន់ណាស់។

រីឯលោក Moon Jae-in ប្រធានាធិតបីកូរ៉េខាងត្បូងបានថ្លែងថា បច្ចុប្បន្នដល់ពេលដែលត្រូវប្រកាន់ខ្ជាប់ជាថ្មីឡើងវិញ នូវពហុភាគីនិយម និងស្មារតីបរិយាប័ន្ន ពិភពលោកទាំងមូលចាំបាច់ត្រូវបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការឲ្យបានរឹងមាំបំផុត។

ចំណែក លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម័្ពន្ធសង្គមស៊ីវិលកម្ពុជាបានថ្លែងថា ប្រទេសចិនបានផ្តួចផ្តើម និងអនុវត្តយ៉ាងសកម្មនូវគោលការណ៍ពហុភាគីនិយម ហើយអំពាវនាវឱ្យធ្វើការសម្របសម្រួលចំពោះទំនាក់ទំនង រវាងបណ្តាប្រទេសនានាតាមរយៈប្រព័ន្ធរបបនិងក្បួនច្បាប់ ដែលប្រការនេះបានបង្ហាញឱ្យឃើញនូវការគោរព និងការគាំពារចំពោះតម្លៃរួមរបស់មនុស្សជាតិទាំងមូល ពោលគឺសន្តិភាព អភិវឌ្ឍន៍ សច្ចធម៌ យុតិ្តធម៌ ប្រជាធិបតេយ្យ និងសេរីភាព ។

ការជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិលើមូលដ្ឋានពហុភាគីនិយម តម្រូវឱ្យបណ្តាប្រទេសនានាគួរតែគោរពអធិបតេយ្យភាព និងផលប្រយោជន៍ជាស្នូលគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែតគំនិតតាមរយៈកិច្ចសន្ទនា និងដោះស្រាយបញ្ហាតាមរយៈការពិគ្រោះពិភាក្សា ។

បណ្តាប្រទេសនានាគួរតែគោរពតាមគោលការណ៍ ស្តីពីផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ធ្វើការប្រកួតប្រជែងដ៏វិជ្ជមានលើមូលដ្ឋានសច្ចភាព និងយុត្តិធម៌ និងបដិសេធចំពោះគោលនយោបាយតូចចង្អៀត ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងទង្វើគាំពារនិយម ក្នុងន័យធានាឱ្យបណ្តាប្រទេសនានាមានសិទ្ធិអភិវឌ្ឍដោយស្មើភាព និងជំរុញសហគមន៍អន្តរជាតិទទួលបានការអភិវឌ្ឍ និងភាពរុងរឿងជាមួយគ្នា ។

ដោយឡែក ប្រទេសអភិវឌ្ឍន៍គួរតែគោរពដោយម្ចាស់ការនូវអនុសញ្ញា និងកិច្ចព្រមព្រៀងពហុភាគីគ្រប់បែបយ៉ាងស្តីពីការការពារបរិស្ថាន រីឯប្រទេសកំពុងអភិវឌ្ឍន៍ក៏ត្រូវទទួលរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន ដោយមិនត្រូវបង្កផលប៉ះពាល់ដល់បរិស្ថាន ដើម្បីស្វែងរកផលប្រយោជន៍ខាងសេដ្ឋកិច្ចរយៈពេលខ្លី ។

គួរបញ្ជាក់ថា ទោះទប់ទល់នឹងវិបតិ្តនាពេលបច្ចុប្បន្ន ដូចជាការរីករាលដាលនៃជំងឺ COVID-19 ឬមួយក៏ចង់ដោះស្រាយបញ្ហាដែលសហគមន៍អន្តរជាតិ ត្រូវប្រឈមក្នុងរយៈពេលវែងឆ្ងាយ ដូចជាសនិ្តភាពនិងការអភិវឌ្ឍជាដើមក្តី ការជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ លើមូលដ្ឋានពហុភាគីនិយម គឺជាផ្លូវចេញតែមួយគត់៕