(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃចន្ទនេះ បានរៀបរាប់អំពីផែនការរបស់លោក ដើម្បីឲ្យប្រជាជនអូស្រ្តាលីទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មិនឲ្យលើសពីខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Morrison បានគូសបញ្ជាក់ក្នុងការថ្លែងសន្ទរកថាដំបូងរបស់លោក នៅសន្និសីទស្ថាប័នព័ត៌មានអន្តរជាតិឆ្នាំ២០២១ថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នេះ នឹងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតមួយខាងផ្នែកដឹកជញ្ជូន នៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។ នៅក្រោមផែនការនេះ លោក Morrison បាននិយាយថា «ប្រជាជនអូស្ត្រាលីគ្រប់រូប នឹងត្រូវបានផ្តល់ឱកាស ដើម្បីទទួលបានការចាក់វ៉ាក់សាំង មិនឲ្យលើសពីខែតុលា ឆ្នាំ២០២១ ឡើយ ហើយយើងនឹងលើកទឹកចិត្តឲ្យប្រជាជនអូស្រ្តាលីទាំងអស់ ចូលរួមចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា»

ដើម្បីជម្រុញឲ្យឆាប់ដល់គោលដៅខាងលើ លោក Morrison បានប្រកាសកញ្ចប់ថវិកាចំនួន ១.៩ពាន់លានដុល្លារអូស្ត្រាលី (១.៤ពាន់លានដុល្លារអាមេរិក) ដែលជាជំនួយថ្មីសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានបន្តថា «នេះនឹងជាការចាក់វ៉ាក់សាំងដ៏ធំបំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី ដោយយើងនឹងចាក់វ៉ាក់សាំងជូនប្រជាជនជាង ២៥លាននាក់ ខណៈវ៉ាក់សាំងយើងបានចុះកិច្ចព្រមព្រៀងទិញមានចំនួន ១៤០លានដូស»

វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដែលប្រទេសអូស្ត្រាលីទិញយកចំនួន ១០លានដូស នឹងជាវ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវប្រើប្រាស់ចាប់ពីចុងខែកុម្ភៈ ឆ្នាំ២០២១តទៅ។ ក្រៅពីនេះ ប្រទេសអូស្ត្រាលីក៏បានទិញ COVID-19 ចំនួន ៥៣.៨លានដូស ពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ផងដែរ ក្នុងនោះ ៥០លានដូស នឹងត្រូវអភិវឌ្ឍឡើងនៅអូស្រ្តាលីផ្ទាល់ ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា CSL ហើយអូស្រ្តាលីក៏នឹងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Novavax ចំនួន៥១លានដូសផងដែរ។

គួរបញ្ជាក់ថា ទោះយ៉ាងណា លោក Morrison បានសង្កត់ធ្ងន់ថ្ងៃចន្ទនេះថា សូម្បីតែនៅពេលការចាក់វ៉ាក់សាំងត្រូវបានបញ្ចប់ក៏ដោយ ក៏នឹងមិនមានការបោះបង់នូវ វិធានការការពារសំខាន់ៗមួយចំនួនរបស់ប្រទេសអូស្រ្តាលីឡើយ ដែលក្នុងនោះរួមមានការរឹតត្បិតព្រំដែនអន្តរជាតិ ការធ្វើចត្តាឡីស័ក ការបង្កើននូវការធ្វើតេស្ត ការតាមដានអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ការរក្សាគម្លាតសុវត្ថភាព និងការអនុវត្តអនាម័យល្អៗជាដើម។

រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៨,៨១៨នាក់ ក្នុងនោះរួមមាន អ្នកស្លាប់ ៩០៩នាក់ និងអ្នកជាសះស្បើយ ២៦,០៦១នាក់៕