(បាងកក)៖ នៅថ្ងៃចន្ទនេះថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៨៣៦ករណីថែមទៀត ដោយភាគច្រើននៅក្នុងខេត្ត សាមុត សាខន (Samut Sakhon)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងស្ថានការណ៍ COVID-19 នៃរដ្ឋាភិបាលថៃ លោក អាភិសាម៉ៃ ស្រ៊ីរាំងសាន (Apisamai Srirangsan) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ៨៣២ករណីជាករណីឆ្លងក្នុងស្រុកផ្ទាល់ ខណៈ ០៤ករណីទៀតជាករណីនាំចូលពីក្រៅប្រទេស។ ក្នុងចំណោមករណីឆ្លងក្នុងស្រុកទៀតសោត គឺត្រូវបានរកឃើញ តាមរយៈការយុទ្ធនាការធ្វើតេស្តយ៉ាងសកម្ម ក្នុងចំណោមពលករចំណាកស្រុក និងជនជាតិថៃនៅតាមរោងចក្រ និងសហគមន៍ក្នុងខេត្ត Samut Saskhon និងនៅតាមតំបន់ជាយៗរាជធានីបាងកក។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លង COVID-19 សរុប ១៩,៦១៨ករណី ក្នុងនោះ ១៧,១៥៥ករណីជាករណីឆ្លងក្នុងស្រុក និង ២,៤៦៣ករណីជាករណីនាំចូល។ សម្រាប់អ្នកជំងឺដែលបានជាសះស្បើយឡើងវិញមានចំនួន ១២,៥១៤នាក់ ខណៈ ៧,០២៧នាក់ កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និង ៧៧នាក់បានបាត់បង់ជីវិត៕