(រ៉ង់ហ្គូន)៖ មេដឹកនាំ និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាចាប់ឃុំខ្លួននៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីមានភាពតានតឹងនឹងគ្នា ជុំវិញលទ្ធផលបោះឆ្នោត អស់រយៈពេលជាច្រើនថ្ងៃមកនេះ។ ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី យោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ជាមួយការប្រកាស «ដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ» ព្រមទាំងផ្ទេរអំណាចគ្រប់យ៉ាង ទៅឱ្យលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing)។

ភាពចលាចលនៅថ្ងៃចន្ទនេះ ដែលអ្នកឃ្លាំមើលមួយចំនួនយល់ឃើញថាជា «រដ្ឋប្រហារ» បានផ្ទុះឡើងចេញពីជម្លោះលើលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរហូតដល់ទៅ ៨៣ភាគរយ ឬស្មើនឹង ៣៩៦អាសនៈ ក្នុងចំណោមអាសនៈសរុបដែលមាននៅក្នុងសភា។

គណៈកម្មការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានប្រកាសថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានជំរុញឱ្យយោធាទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ។ ទោះជាយ៉ាងណា អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោងហ្លេង បានចោទថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំ ហើយថែមទាំងព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបទៀតផង។

* តើអ្វីដែលកើតឡើងនៅមីយ៉ាន់ម៉ា គឺជារដ្ឋប្រហារមែនឬទេ?

បន្ទាប់ពីការចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី យោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយឆ្នាំ ព្រមទាំងផ្ទេរអំណាចគ្រប់យ៉ាង ទៅឱ្យលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing)។ បណ្ដាញទូរស័ព្ទ, អ៉ីនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានានៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗត្រូវបានកាត់ផ្ដាច់ រីឯកងទ័ព និងរថក្រោះជាច្រើនត្រូវបានដាក់ពង្រាយ នៅតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោរ និងទីក្រុងរ៉ង់ហ្គូន។

តាមការពិតទៅការបារម្ភពីការផ្ទុះឡើង នៃអំពើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា បានកើតមានឡើងតាំងតែពីសប្ដាហ៍មុនមកម្ល៉េះ ជាពិសេសក្រោយលោក មីន អោង ហ្លេង បានធ្វើអត្ថាធិប្បាយជាច្រើនលើក លាយឡំជាមួយសារព្រមានថា យោធានឹងចាត់វិធានការឆ្លើយតប ប្រសិនបើការតវ៉ាចំពោះលទ្ធផលបោះឆ្នោតរបស់ខ្លួន មិនត្រូវបានដោះស្រាយទេនោះ។ ជាក់ស្ដែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាម្នាក់នៅថ្ងៃចន្ទនេះ បាននិយាយចំៗថា សកម្មភាពដែលយោធាកំពុងធ្វើ គឺជាការឆ្លើយតបទៅនឹងការបោះឆ្នោត ដែលត្រូវបានលួចបន្លំ។ មីយ៉ាន់ម៉ាធ្លាប់ជួបប្រទះរដ្ឋប្រហារចំនួនពីរលើករួចមកហើយ ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨ គឺលើកទីមួយនៅឆ្នាំ១៩៦២ និងលើកទីពីរនៅឆ្នាំ១៩៨៨។

* តើនរណាជាអ្នកគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា?

ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងជាឥស្សរជនម្នាក់ត្រូវបានលោកខាងលិចចាត់ទុកថា ជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៥ឆ្នាំ បានក្លាយជាមេដឹកនាំ និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បន្ទាប់ពីគណបក្សលោកស្រី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៥ ក្រោយលោកស្រីបានជាប់ឃុំនៅក្នុងផ្ទះអស់រាប់ទសវត្សរ៍ (គិតចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០១០)។

នៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន មីយ៉ាន់ម៉ាត្រូវបានដឹកនាំតាមរយៈការយន្ដការចែករំលែកអំណាច រវាងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី ស៊ូជី និងយោធារបស់លោក មីន អោង ហ្លេង ជាមួយការរក្សាទុកនូវកូតា ២៥ភាគរយ នៃកៅអីសភាសម្រាប់យោធាដោយស្វ័យប្រវត្តិ។

* ហេតុអ្វីបានជាយោធាជំទាស់នឹងលទ្ធផលបោះឆ្នោត?

យោធាមីយ៉ាន់ម៉ា ជាពិសេសគឺអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) បានចោទប្រកាន់ថា ការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ តាមរយៈឈ្មោះស្ទួនរបស់អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតនៅតាមការិយាល័យជាច្រើន ហើយពួកគេក៏មិនពេញចិត្តជាខ្លាំងផងដែរ ចំពោះការឆ្លើយតបពីគណៈកម្មការរៀបចំការបោះឆ្នោត តបនឹងបណ្ដឹងរបស់ពួកគេ។ ប៉ុន្តែព្រមពេលជាមួយគ្នា យោធាមីយ៉ាន់ម៉ាមិនបានបញ្ជាក់ថា តើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ បានធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ឬក៏យ៉ាងណានោះទេ។

គណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានប្រកាសថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅ ដោយតម្លាភាព និងយុត្តិធម៌ ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានជំរុញឱ្យយោធាទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ។ បើតាមលទ្ធផលបោះឆ្នោតចុងក្រោយបំផុត គណបក្សរបស់លោកស្រី ស៊ូជី ទទួលបានអាសនៈ ៨៣ភាគរយនៃអាសនៈសរុបសភា ខណៈគណបក្សសម័្ពន្ធសាមគ្គីភាព និងការអភិវឌ្ឍ (USDP) ដែលស្និទ្ធនឹងយោធាមីយ៉ាន់ម៉ាទទួលបានត្រឹមតែ ៣៣អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសរុប ៤៧៦។

* តើគណបក្សលោកស្រី ស៊ូជី និងបក្សនយោបាយដទៃទៀត មានប្រតិកម្មដូចម្ដេចចំពោះការបោះឆ្នោត?

លោកស្រី អោង សាន ស៊ូជី មិនបានធ្វើអត្ថាធិប្បាយអ្វីច្រើនទៅលើជ័យជម្នះ នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ឬក៏បកស្រាយទៅនឹងបណ្ដឹងរបស់យោធានោះឡើយ ប៉ុន្តែគណបក្ស NLD បានបញ្ជាក់ជំហររបស់ខ្លួនថា ការចោទប្រកាន់របស់យោធាថា ការបោះឆ្នោតត្រូវបានលួចបន្លំ «គឺជារឿងមិនពិត និងគ្មានមូលដ្ឋាន»។ ទោះជាយ៉ាងណា ក្រៅពីប្តឹងជំទាស់ពីគណបក្ស USDP ដែលសិទ្ធនឹងយោធាមីយ៉ាន់ម៉ានោះ គណបក្សតូចៗចំនួន ១៧ផ្សេងទៀត ក៏បានដាក់ពាក្យប្ដឹងជំទាស់លទ្ធផលបោះឆ្នោតផងដែរ។

* តើយោធាមីយ៉ាន់ម៉ា បានបញ្ចេញប្រតិកម្មអ្វីខ្លះ?

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយត្រី សរ មីន ថាន់ (Zaw Min Tun) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍មុនថា យោធាមីយ៉ាន់ម៉ានឹងចាត់វិធានការ ឆ្លើយតបទៅនឹងការបោះឆ្នោតដែលត្រូវបានលួចបន្លំ ហើយនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ក្នុងនោះរួមមានការដោះស្រាយបញ្ហាតាមតុលាការកំពូល។

ដោយឡែកនៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើយោធាមីយ៉ាន់ម៉ានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី និងសភាជាតិថ្មីដែរឬទេ? លោក Zaw Min Tun បានឆ្លើយទៅវិញថា «រង់ចាំមើលចុះ»។ បន្ថែមពីលើនេះ នៅត្រូវបានសាកសួរថា តើលោកច្បាស់ទេថារដ្ឋប្រហារនឹងមិនកើតឡើង? ឧត្តមសេនីយត្រីរូបនេះបានគូសបញ្ជាក់ថា «មិនអាចនិយាយដូច្នេះបានទេ... យោធានឹងការពាររដ្ឋធម្មនុញ្ញ និងច្បាប់របស់ជាតិ»

* តើរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាមានចែងដូចម្តេចខ្លះជុំវិញបញ្ហានេះ?

រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់មីយ៉ាន់ម៉ាបានចែងថា អគ្គមេបញ្ជាការយោធា អាចក្ដោបក្ដាប់អំណាច និងដឹកនាំប្រទេសបានតែនៅក្នុងកាលៈទេសៈណា ដែលអាចកើតមានការបែកបាក់ជាតិ, បែកបាក់សាមគ្គី និងបាត់បង់អំណាចអធិបតេយ្យភាពតែប៉ុណ្ណោះ។

យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឱ្យដឹងថា លោកអនុប្រធានាធិបតី យូ ម្យីនត៍ ស្វេ (U Myint Swe) ដែលត្រូវបានជ្រើសតាំងដោយយោធា ត្រូវឡើងកាន់តំណែងជា ប្រធានាធិបតីបណ្ដោះអាសន្ន។ ការតែងតាំងលោក U Myint Swe ត្រូវបានគេមើលឃើញថា គ្រាន់តែជាការបង្រ្គប់កិច្ច និងធ្វើឱ្យល្អមើលតាមរដ្ឋធម្មនុញ្ញដែលចែងថា ប្រធានាធិបតីស៊ីវិលទើបមានសិទ្ធិប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែតាមការពិតអំណាចគ្រប់យ៉ាង គឺស្ថិតនៅក្នុងដៃលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) រួចជាស្រេចទៅហើយ។

លោក មីន អោង ហ្លេង កាលពីសប្ដាហ៍មុនបាននិយាយថា ច្បាប់ និងរដ្ឋធម្មនុញ្ញ ត្រូវតែគោរពតាមជាដាច់ខាត ប៉ុន្តែប្រសិនបើច្បាប់មិនត្រូវបានគេអនុវត្ត ឬគោរពតាមទេ នោះវាគួរតែត្រូវបានលុបចោល ឬធ្វើវិសោធនកម្ម។

* ប្រតិកម្មអន្តរជាតិចំពោះការចាប់ខ្លួនលោកស្រី អោង សាន ស៊ូជី

សហរដ្ឋអាមេរិក, អូស្រ្តាលី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយការអំពាវឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀតរបស់លោកស្រី ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។

លោក ហ្គូទែរែស ក៏បានស្នើផងដែរឲ្យយោធាគោរពលទ្ធផលឆ្នោត និងឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ខណៈសហរដ្ឋអាមេរិកព្រមានថា នឹងចាត់វិធានការឆ្លើយតប ប្រសិនបើយោធាមីយ៉ាន់ម៉ា មិនព្រមដោះលែងលោកស្រី ស៊ូជី និងអ្នកដែលត្រូវបានចាប់ខ្លួនដទៃទៀតទេនោះ។ ប្រទេសសិង្ហបុរី និងជប៉ុនក៏បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១)