(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លង COVID-19 ថ្មីៗចំនួន ៨២៩ករណីបន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។

មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 (CCSA) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៨២២ករណី ជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀតសោត មាន ៧២២ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត លើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលរស់នៅខេត្ត សាមុតសាខន (Samut Sakhon)។ ចំណែកឯ ៧ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃ បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១៨,៧៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៧៧នាក់ និងអ្នកជាសះស្បើយវិញ ១១,៦១៥នាក់៕