(ហាណូយ)៖ លោកប្រធានាធិបតី ង្វៀន ភូត្រុង (Nguyen Phu Trong) នៅថ្ងៃអាទិត្យនេះ ត្រូវបានគណបក្សកុម្មុយនិស្ដវៀតណាម ផ្ដល់សេចក្ដីទុកចិត្តដោយបោះឆ្នោត គាំទ្ររូបលោកឱ្យបន្តកាន់តំណែងជា «អគ្គលេខាធិការបក្ស» សម្រាប់អាណត្តិទី៣ជាប់ៗគ្នា (មួយអាណត្តិមានរយៈពេល៥ឆ្នាំ)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។

ការបោះឆ្នោតខាងលើធ្វើឡើង កំឡុងសមាជបក្សកុម្មុយនិស្ដវៀតណាម ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ​ ក្នុងទីក្រុងហាណូយ ជាទីដែលប្រតិភូបក្ស ១,៦០០នាក់ មកពីទូទាំងប្រទេស ចូលរួម ដើម្បីបោះឆ្នោតជ្រើសថ្នាក់ដឹកនាំថ្មីនៃគណបក្ស, រដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវផែនការសេដ្ឋកិច្ច និងគោលនយោបាយនានា។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Vietnam News Agency (VNA) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ « សមមិត្ត ង្វៀន ភូត្រុង បានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម នៅអាណត្តិទី១៣នេះ»

គួរបញ្ជាក់ថា ការបោះឆ្នោតឱ្យលោក ង្វៀន ភូត្រុង មានអាយុ ៧៦ឆ្នាំ បន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ធ្វើឡើងក្រោមការលើកលែងពិសេសមួយ ដែលកំណត់ថា អ្នកមានអាយុ ៦៥ឆ្នាំឡើង ត្រូវតែចូលនិវត្តន៍។ លោក ង្វៀន ភូត្រុង បានជាប់ឆ្នោតជាអគ្គលេខាធិការបក្ស ២លើករួចមកហើយ គឺកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៦។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះសមាជិកការិយាល័យនយោបាយ និងតួនាទីបច្ចុប្បន្នរបស់ពួកគេ៖
១៖ លោក Nguyễn Phú Trọng, អគ្គលេខាធិការបក្ស និងជាប្រមុខរដ្ឋ
២៖ លោក Nguyễn Xuân Phúc, នាយករដ្ឋមន្ត្រី
៣៖ លោក Phạm Minh Chính, ប្រធានគណៈកម្មាការរៀបចំ នៃគណៈកមា្មធិការមជ្ឈិមបក្ស
៤៖ លោក Vương Đình Huệ, លេខានៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ
៥៖ លោក Trần Tuấn Anh, រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម
៦៖ លោក Nguyễn Hoà Bình, ប្រធានចៅក្រមតុលាការកំពូលប្រជាជន
៧៖ លោក Lương Cường, នាយកអគ្គនាយករដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម
៨៖ លោក Đinh Tiến Dũng, រដ្ឋមន្ត្រីហិរញ្ញវត្ថុ
៩៖ លោក Phan Văn Giang, ឧបនាយករដ្ឋមន្ត្រីការពារជាតិ, នាយសេនាធិការចម្រុះកងទ័ពប្រជាជនវៀតណាម
១០៖ លោក Tô Lâm, រដ្ឋមន្ត្រីសន្តិសុខសាធារណៈ
១១៖ លោកស្រី Trương Thị Mai, ប្រធានគណៈកម្មាការសម្រាប់ការកេណ្ឌកម្លាំងទ្រង់ទ្រាយធំ នៃគណៈកម្មាធិការមជ្ឈិមបក្ស
១២៖ លោក Trần Thanh Mẫn, ប្រធានរណសិរ្សមាតុប្រទេសវៀតណាម
១៣៖ លោក Phạm Bình Minh, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីការបរទេស
១៤៖ លោក Nguyễn Văn Nên, លេខាគណៈកម្មាធិការបក្សប្រចាំទីក្រុងហូជីមិញ
១៥៖ លោក Nguyễn Xuân Thắng, ប្រធានរាជបណ្ឌិតសភាជាតិនយោបាយប្រាចាំទីក្រុងហូជីមិញ និងជាប្រធានក្រុមប្រឹក្សាមនោគមន៍វិជ្ជាមជ្ឈិម
១៦៖ លោក Võ Văn Thưởng, ប្រធានគណៈកម្មាការសម្រាប់ឃោសនាការ និងការអប់រំនៃគណៈកម្មាធិការមជ្ឈិមបក្ស
១៧៖ លោក Phan Đình Trạc, ប្រធានគណៈកម្មាការកិច្ចផ្ទៃក្នុង នៃគណៈកម្មាធិការមជ្ឈិមបក្ស
១៨៖ លោក Trần Cẩm Tú, ប្រធានគណៈកម្មាការអធិការកិច្ចនៃគណៈកម្មាធិការមជ្ឈិមបក្ស៕