(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ COVID-19 នៅក្នុងស្រុក ១៤ករណីថ្មី បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

បើតាមក្រសួងសុខាភិបាលវៀតណាម បូកសរុបបញ្ចូលតួលេខអ្នកឆ្លងខាងលើ ធ្វើឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១,៧៨១នាក់ ក្នុងនោះស្លាប់៣៥នាក់។ ក្រសួងបន្ថែម ថា មនុស្ស ១,៤៥៦នាក់ បានជាសះស្បើយឡើងវិញ ខណៈជិត ២៣,១០០នាក់ ផ្សេងទៀត កំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក និងតាមដាន។

គួរបញ្ជាក់ថា ខេត្ត Quang Ninh ដែលបច្ចុប្បន្ន ជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 កំពុងសាងសង់មន្ទីរពេទ្យពិសេសបណ្ដោះអាសន្នមួយ ដែលសមត្ថភាព ព្យាបាលអ្នកជំងឺ COVID-19 ចំនួន២៥០នាក់ ឆ្លើយតបទៅនឹងការវិវត្តនៃការឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះ៕