(ឡុងដ៍)៖ ចក្រភពអង់គ្លេស បានប្រកាសថា ខ្លួននឹងដាក់ពាក្យស្នើសុំចូលជាសមាជិកភាពនៃប្លុកពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ឬគេស្គាល់ថាកិច្ចព្រមព្រៀងភាពជាដៃគូ អន្តរ-ប៉ាស៊ីហ្វិករីកចម្រើន និងគ្រប់ជ្រុងជ្រោយ (CPTPP) ក្រោមផែនការក្រោយចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃចក្រភពអង់គ្លេស លោកស្រី Liz Truss ចក្រភពអង់គ្លេស នឹងដាក់ពាក្យស្នើសុំចូលជាសមាជិក ក្នុងប្លុកពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ជាផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ ប្លុកពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ឬ CPTPP មានជាសមាជិកចំនួន១១ប្រទេស ក្នុងនោះរួមមាន អូស្ត្រាលី, កាណាដា,ឈីលី,ម៉ិកស៊ីកូ និងវៀតណាមជាដើម។

គួរបញ្ជាក់ថា ការប្រកាសដាក់ពាក្យស្នើសុំចូលជាសមាជិក CPTPP ខាងលើ កើតមានឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ ក្រោយរួម រស់ជាមួយគ្នាអស់រយៈពេលច្រើនជាង៤០ឆ្នាំមកនេះ។ កិច្ចចរចារវាងចក្រភពអង់គ្លេស និងបណ្ដាប្រទេសជាសមាជិក CPTPP ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅក្នុង ឆ្នាំ២០២១នេះ៕