(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានច្រានចោលរាល់កិច្ចចរចាសាជាថ្មី ឬការបញ្ចូលភាគីដទៃបន្ថែម ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងទីក្រុងតេហេរ៉ង់ និងប្រទេសមហាអំណាច បន្ទាប់ពីប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង និយាយថាគ្រប់កិច្ចចរចាថ្មីណាមួយ គួរតែមានអារ៉ាប៊ីសាអូឌីត ចូលរួមដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅចុងសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីត ខាទីបហ្សាដែស (Saeed Khatibzadeh) បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺជាកិច្ចព្រមព្រៀងពហុភាគីអន្តរជាតិមួយ ដែលត្រូវបានផ្ដល់សច្ចាប័នដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្រោមដំណោះស្រាយលេខ ២២៣១ ដែលមិនអាចចរចាជាសាថ្មី ហើយភាគីជាហត្ថលេខីក៏មិនអាចកែប្រែ ឬបន្ថែមបាននោះដែរ»

គួរបញ្ជាក់ថា អ៉ីរ៉ង់ ឈប់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ដោយបង្កើនការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូមឡើងវិញ បន្ទាប់ពីរដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើទីក្រុងតេហេរ៉ង់។ រដ្ឋបាលប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ធ្លាប់សន្យាថា នឹងនាំសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ នៅក្នុងករណី អ៉ីរ៉ង់ត្រឡប់មកគោរពអនុវត្តតាមមកិច្ចព្រមព្រៀង យ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ អ៉ីរ៉ង់ អះអាងថាខ្លួននឹងអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ទាល់តែសហរដ្ឋអាមេរិក ដកទណ្ឌកម្មជាមុនសិន៕