(ប៉េកាំង)៖ ប្រទេសចិន បាននាំចេញម៉ាស់មុខជាង២២០ពាន់លានកាលពីឆ្នាំមុន, នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម, ស្មើនឹងជិត៤០ម៉ាស់ក្នុងមនុស្សម្នាក់ នៅក្រៅប្រទេសចិន, ខណៈតម្រូវការសម្រាប់ការពារសុខភាព មានការកើនឡើងខ្ពស់ នៅអំឡុងពេលការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយ។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Qian Keming បានប្រាប់អ្នកសារព័ត៌មានថា បន្ថែមពីលើម៉ាស់, ចិនបាននាំចេញឧបករណ៍ការពារចំនួន២,៣ពាន់លានគ្រឿង និងឧបករណ៍ធ្វើតេស្តចំនួន១ពាន់លានគ្រឿង កាលពីឆ្នាំមុន, ដែលបានចូលរួមចំណែកដ៏សំខាន់ «ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ជាសាកល»។

គិតតែការដឹកជញ្ជូនម៉ាស់មុខមួយគត់ មានតម្លៃ៣៤០ពាន់លានយ័ន (៥២,៦ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២០, នេះបើតាមការបញ្ជាក់ពីមន្ត្រីពន្ធគយ បានឲ្យដឹងកាលពីដើមខែនេះ។

គួររំលឹកថា ចិន ដែលជាប្រទេសដំបូង ដែលគេរកឃើញករណីវីរ៉ុស COVID-19 នៅចុងឆ្នាំ២០១៩នោះ, ក៏បានក្លាយជាប្រទេសដំបូងគេផងដែរ ក្នុងការទប់ស្កាត់ការឆ្លងវីរ៉ុស បន្ទាប់ពីដាក់ការរឹតត្បិតលើការធ្វើដំណើរ និងវិធានការគ្រប់គ្រងវីរ៉ុស៕