(វូហាន)៖ ក្រុមមន្រ្តីជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមួយកន្លែងទៀត ក្នុងទីក្រុងវូហាននៃប្រទេសចិន ដែលបានព្យាបាលអ្នកជំងឺដំបូងៗ នៅថ្ងៃសៅរ៍នេះ ដែលជាថ្ងៃទី២ នៃការបំពេញបេសកកម្មស្រាវជ្រាវរបស់ពួកគេ ក្រោមគោលដៅស្វែងរកប្រភពដើម នៃការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។

មន្ទីរពេទ្យ Jinyantan ស្ថិតក្នុងចំណោមមន្ទីរពេទ្យដំបូងៗរបស់ទីក្រុងវូហាន ដែលបានព្យាបាលអ្នកជំងឺ COVID-19 កាលពីអំឡុងដើមឆ្នាំ ២០២០ ដូច្នេះហើយវាគឺជាទីតាំងដ៏សំខាន់មួយ ក្នុងការសិក្សាអំពីប្រវត្តិរាតត្បាតនៃជំងឺនេះ។ កាលពីថ្ងៃសុក្រម្សិលមិញ ក្រុមការងាររបស់ WHO បានជួបមុខគ្នាផ្ទាល់ជាមួយក្រុមអ្នកវិទ្យាសាស្រ្តចិនជាលើកដំបូង និងបានចុះទស្សនកិច្ចនៅមន្ទីរពេទ្យមួយទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក បានប្រកាសថា ក្រុមមន្រ្តីជំនាញរបស់ខ្លួន គ្រោងធ្វើទស្សនកិច្ច នៅតាមមន្ទីរពេទ្យ ផ្សារ ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវរីរុសក្រុងវូហាន និងមន្ទីរពិសោធន៍ផ្សេងៗ ដូចជានៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងក្រុងវូហាន៕