(វ៉ាស៊ីនតោន)៖ នៅយប់ថ្ងៃសុក្រ (ពេលវេលាអាមេរិក) មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានចេញបទបញ្ជាមួយទៀត ដែលតម្រូវឲ្យពលរដ្ឋគ្រប់គ្នាពាក់ម៉ាស នៅពេលធ្វើដំណើរតាមសេវាដឹកជញ្ជូនសាធារណៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។

ការជំរុញឲ្យអនុវត្តបទបញ្ជាខាងលើ បានកើតមានឡើងបន្ទាប់ពី មួយរយៈពេលចុងក្រោយនេះ (ក្រោយថ្ងៃលោក ចូ បៃដិន ស្បថឡើងកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា) អត្រានៃការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃទូទាំងសហរដ្ឋអាមេរិក នៅតែមានកម្រិតខ្ពស់ដដែល ខណៈចំនួនអ្នកស្លាប់ប្រចាំថ្ងៃ បានលោតខ្ទង់ជិត ៤,០០០នាក់ជាមធ្យម។

គួរបញ្ជាក់ថា បទបញ្ជាជំរុញបន្ថែមរបស់ CDC ខាងលើនេះ នឹងត្រូវអនុវត្តចាប់ពីដើមសប្តាហ៍ក្រោយនេះតទៅ ដោយអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់នៅលើយន្តហោះ, រថភ្លើង, នាវា, ផ្លូវក្រោមដី, រថយន្តក្រុង, រថយន្តតាក់ស៊ី និងយានជំនិះផ្សេងៗទៀត ត្រូវតែពាក់ម៉ាសជាប្រចាំ។ វាជាការជំរុញបន្ថែមទៅលើបទបញ្ជា ដែលមានស្រាប់របស់លោកប្រធានាធិបតី ចូ បៃដិន ដែលបានដាក់ចេញកាលពីថ្ងៃទី២១ ខែមករា។

កាលពីលោក ដូណាល់ ត្រាំ ស្ថិតនៅជាប្រធានាធិបតីអាមេរិក ការជំរុញឲ្យអនុវត្តបទបញ្ជាពាក់ម៉ាស នៅគ្រប់ទីកន្លែងដូចខាងលើនេះ «ត្រូវបានរាំងខ្ទប់» ដែលជាហេតុនាំឲ្យ CDC កាលណោះបានត្រឹមតែ ចេញសេចក្តីណែនាំកម្រិតខ្ពស់ ឲ្យគ្រប់គ្នាពាក់ម៉ាសតែប៉ុណ្ណោះ។ បន្ថែមពីនេះលោក ដូណាល់ ត្រាំ ក៏បានធ្លាប់បានរារាំងសភា មិនឲ្យកំណត់ការពាក់ម៉ាសជាប្រចាំផងដែរ។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ មនុស្សសរុប ១៦៩,០៣៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៦៥២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ប្រការនេះបាននាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,៥១២,១៩៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៤៧,៤៥៩នាក់ និងជាសះស្បើយឡើងសរុប ១៦,១៩៩,៥៧២លាននាក់៕