(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ចនសុន-អ៊ែន-ចនសុន (Johnson & Johnson) នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) របស់ខ្លួនក្នុងមួយដូស អាចមានប្រសិទ្ធិភាពរហូតដល់ ៧២% ក្នុងការការពារពីការឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវនេះនៅសហរដ្ឋអាមេរិក ខណៈប្រសិទ្ធភាពទាបជាង ៦៦% ត្រូវបានគេសង្កេតឃើញ នៅក្នុងការធ្វើតេស្តសាកល្បងជាសកលដ៏ធំមួយ ដែលបានធ្វើឡើងនៅទូទាំងទ្វីបចំនួន ០៣ ក្នុងការប្រឆាំងនឹងវីរុស COVID-19 ទម្រង់ថ្មីជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។

នៅក្នុងការធ្វើតេស្តសាកល្បងវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ដែលមានអ្នកស្ម័គ្រចិត្តជិត ៤៤,០០០នាក់ចូលរួមនោះ បានបង្ហាញប្រសិទ្ធភាព ៦៦ភាគរយនៅអាមេរិកឡាទីន និង ៥៧ភាគរយនៅអាហ្វ្រិកខាងត្បូង ដែលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការប្រឆាំងនឹងវីរុស COVID-19 ទម្រង់ថ្មី ដែលក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា មានសមត្ថភាពចម្លង ខ្លាំងជាងវីរុសទម្រង់ដើមនោះ។

លទ្ធផលក្រោយការធ្វើតេស្តខាងលើនេះ ពិតជាទាបជាងបើធៀបទៅនឹងវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) និង Moderna ដែលមានប្រសិទ្ធភាពប្រហែល ៩៥% ប៉ុន្តែវ៉ាក់សាំងទាំងនេះ បានតម្រូវឲ្យចាក់ចំនួន ០២ដូសទៅតាមដំណាក់កាល។ ទោះជាយ៉ាងណា ការធ្វើតេស្តសាកល្បងភាគច្រើន ត្រូវបានធ្វើឡើងជាចម្បង នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយក៏នៅមុនពេលវីរុស COVID-19 ទម្រង់ថ្មីផ្ទុះផងដែរ ខណៈមកទល់់ពេលឥឡូវនេះ វាកំពុងបន្តស្ថិតនៅជាការព្រួយបារម្ភយ៉ាងខ្លាំង។

គួរបញ្ជាក់ថា គោលដៅសំខាន់របស់ក្រុមហ៊ុន Johnson & Johnson កន្លងមកនេះ គឺការការពារខ្លួនមនុស្សពីការឆ្លងរាតត្បាតនៃវីរុស COVID-19 ពីស្ថានភាពមធ្យមទៅធ្ងន់ធ្ងរ ហើយវ៉ាក់សាំងដែលមានប្រសិទ្ធភាពចាប់ពី ៨៥%ឡើងទៅ ទើបអាចបញ្ឈប់ការឆ្លងរីករាលដាលក្នុងស្ថានភាពធ្ងន់ធ្ងរ និងការចូលសម្រាកនៅមន្ទីរពេទ្យនៅទូទាំងភូមិសាស្ត្រ និងការប្រឆាំងនឹងវីរុស COVID-19 ទម្រង់ថ្មីជាច្រើនបានក្នុងរយៈពេល ២៨ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើក្រុមហ៊ុន Johnson & Johnson នឹងសម្រេចចិត្តបែបណាទៀតឡើយ បន្ទាប់ពីទទួលបានលទ្ធផលមិនទាន់គាប់ប្រសើរខាងលើនេះ៕