(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានជំរុញឱ្យចិន និងសហរដ្ឋអាមេរិក បង្កើតទំនាក់ទំនងមួយប្រកបដោយលក្ខណៈស្ថាបនា ដោយសង្កត់ធ្ងន់ ថាវានឹងក្លាយជាបញ្ហាប្រឈមមួយ សម្រាប់រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។

លោក លី សៀនឡុង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយ នាឱកាសចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) តាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រនេះ។ លោក លី បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា បើសិនជាអ្នក (សហរដ្ឋអាមេរិក) មើលឃើញចិនជាការគំរាមកំហែង នោះវា នឹងក្លាយជាបញ្ហាមួយដ៏ធំ ពីព្រោះគឺអ្នកជាអ្នកបង្កើតការគំរាមកំហែងសម្រាប់ខ្លួនឯង ហើយត្រូវប្រឈមមុខនឹងវាដោយខ្លួនឯង»។ លោកបន្ថែមថា សហរដ្ឋអាមេរិក គួរតែបង្កើតទំនាក់ទំនងមួយ ប្រកបដោយលក្ខណៈស្ថាបនាជាមួយទីក្រុងប៉េកាំង ដ្បិតចិននឹងមិនដួលរលំ ទៅតាមផ្លូវដូចដែលអតីតសហភាពសូវៀត បានដើរនោះទេ។

គួរបញ្ជាក់ថា បើតាមលោក លី សៀនឡុង ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកចិនជាគូប្រជែង ដោយសារតែ ក្រោយអតីតសហភាពសូវៀត ដួលរលំ សហរដ្ឋអាមេរិក គឺជា មហាអំណាចផុតលេខតែមួយគត់ នៅលើពិភពលោក ដែលនេះបានបង្កការលំបាកដើម្បីឱ្យសហរដ្ឋអាមេរិក កែប្រែគោលនយោបាយរបស់ខ្លួនចំពោះ មហាយក្សអាស៊ីមួយនេះ៕