(តូក្យូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ (Japan Airlines) បានរអិលចេញផុតពីផ្លូវ ពេលកំពុងព្យាយាមចុះចតនៅឯអាកាសយានដ្ឋានញូវជីតូសេ (New Chitose) ដែលស្ថិតនៅចុងភាគខាងជើងនៃកោះហុកកៃដូ (Hokkaido)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo នៅថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។

យោងតាមប្រភពពីសារព័ត៌មានខាងលើដដែល យន្តហោះដឹកអ្នកដំណើរខាងលើ មានប្រភពចេញដំណើរមកពីអាកាសយានដ្ឋានសិនដៃ (Sendai) នៅភាគឦសានប្រទេសជប៉ុន និងបានមកដល់អាកាសយានដ្ឋាន New Chitose កាលពីវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃសុក្រនេះ (ពេលវេលាក្នុងតំបន់នៅជប៉ុន) រួចក៏ជួបហេតុការណ៍ខាងលើ។

គួរបញ្ជាក់ថា មនុស្សសរុប៣២នាក់ដែលស្ថិតនៅលើយន្តហោះ មិនបាននរណាម្នាក់រងរបួសឡើយ ខណៈក្រោយរអិលចេញពីផ្លូវ វាត្រូវបានសណ្តោងអូសទៅកាន់កន្លែងចុះចត ដើម្បីទម្លាក់អ្នកដំណើរតាមធម្មតា។ ឧប្បត្តិហេតុនេះបានកើតមានឡើង ដោយសារតែការធ្លាក់ព្រិលខ្លាំង និងការពិបាកមើលផ្លូវ ស្របពេលដែលតំបន់ភាគខាងជើងនៃប្រទេសជប៉ុន កំពុងទទួលរងការវាយលុកពីព្យុះព្រិលយ៉ាងដំណំ៕