(ប៉េកាំង)៖ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងស្ថិតនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដើម្បីស្វែងរកការពិតនៃការឆ្លងរាតត្បាត និងប្រភពដើមវីរុសកូរ៉ូណា (COVID-19) បានជួបពិភាក្សាការងារជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិនហើយ នៅព្រឹកថ្ងៃសុក្រនេះ មុននឹងចាប់ផ្ដើមការស៊ើបអង្កេត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។

ជំនួបខាងលើដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ Zoom កើតមានឡើងបន្ទាប់ពីក្រុមអ្នកជំនាញ WHO កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ក្រោយបានធ្វើដំណើរមកដល់ទីក្រុងវូហាន ប្រទេសចិនកាលពីថ្ងៃទី១៤ ខែមករាកន្លងទៅនេះ។ បើតាម WHO ក្រុមអ្នកជំនាញរបស់ខ្លួន ត្រូវបានគេរំពឹងថា អាចនឹងចំណាយពេលច្រើនជាង ២សប្ដាហ៍ នៅក្នុងប្រទេសចិន ហើយពួកគេនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ ទីផ្សារលក់គ្រឿងសមុទ្រក្នុងទីក្រុងវូហាន។

ក្រុមអ្នកជំនាញ WHO ទាំងនេះ ក៏នឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវូហាន និងវិទ្យាស្ថានស្រាវជ្រាវវីរុសនៅវូហាន (Wuhan Institute of Virology) ផងដែរ ជាទីដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទដោយគ្មានភស្តុតាងថា ជាកន្លែងលេចធ្លាយវីរុសកូរ៉ូណា ចេញពីមន្ទីរពិសោធន៍មួយនៃវិទ្យាស្ថានមួយនេះ។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនរួមទាំង WHO ធ្លាប់មានយោបល់ដូចៗគ្នាថា វីរុសកូរ៉ូណា (COVID-19) មានប្រភពដើមចេញពីសត្វ ជាពិសេសគឺទីផ្សារលក់សត្វព្រៃ និងគ្រឿងសមុទ្រនៅក្នុងទីក្រុងវូហានតែម្ដង។ ចំណែកឯចិនវិញ បានច្រានចោលទាំងស្រុងនូវការលើកឡើងរបស់លោក ដូណាល់ ត្រាំ ហើយចាត់ទុកការចោទប្រកាន់ទាំងឡាយ គឺជាការកេងចំណេញនយោបាយ នៅមុនបោះឆ្នោតកាលពីឆ្នាំ២០២០ ប៉ុណ្ណោះ៕