(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនាព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ០៩ករណីថ្មីបន្ថែមទៀត ដែលជាការផ្ទុះឡើងជាលើកដំបូងឡើងវិញ របស់ប្រទេសអាស៊ានមួយនេះ ដែលមិនធ្លាប់មានអស់រយៈពេលជិត ២ខែ និងបានឆ្លងរាលដាលដល់ទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ០១ករណីត្រូវបានរកឃើញនៅទីក្រុងហាណូយ ខណៈ ០៨ករណីទៀតត្រូវបានរកឃើញនៅជិតទីក្រុង ហៃហ្វុង (Haiphong), ខេត្ត ហៃឌុង (Hai Duong), ក្វាងនិញ (Quang Ninh), និង បាក់ និញ (Bac Ninh) ដែលនាំឲ្យករណីឆ្លងសរុបនៅក្នុងការផ្ទុះឡើង ដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កើនឡើងដល់ ៩៣ករណី។

គួរបញ្ជាក់ថា វៀតណាមបានទប់ស្កាត់រលកទីមួយ នៃការឆ្លងរាតត្បាត COVID-19 បានសម្រេចកាលពីខែមេសា ឆ្នាំ២០២០ ហើយមិនមានករណីឆ្លងក្នុងស្រុកជិត ១០០ថ្ងៃ រហូតទាល់តែវាបានលេចឡើងជាថ្មីនៅទីក្រុងដាណាង (Da Nang) កាលពីខែកក្កដា។ បន្ទាប់មកទៀតករណីឆ្លងក្នុងស្រុកមួយចំនួនទៀត ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីដើមខែធ្នូ ហើយមកទល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទើបលេចឡើងសាជាថ្មីថែមទៀត។

គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១,៦៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៤៣០នាក់។ រដ្ឋាភិបាលវៀតណាមកំពុងណែនាំឲ្យស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់ខេត្តក្រុង បង្កើនការត្រួតពិនិត្យ និងធ្វើតេស្តលើករណីសង្ស័យ ឲ្យបានតឹងរ៉ឹងបំផុត ជាពិសេសខេត្តដែលកំពុងកើតមាន ករណីឆ្លងថ្មីៗនេះតែម្តង៕