(ឈីកាហ្គោ)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ណូវ៉ាវ៉ាក់ (Novavax) បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា វ៉ាក់សាំងបង្ការជំងឺឆ្លង COVID-19 ដែលខ្លួនយកទៅធ្វើតេស្ត នៅចក្រភពអង់គ្លេសនោះ បានបង្ហាញប្រសិទ្ធភាពរហូតដល់ ៨៩.៣% ខណៈនៅប្រទេសអាហ្វ្រិកខាងត្បូងវិញ បានបង្ហាញប្រសិទ្ធភាពតែ ៦០%ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុន Novavax បានត្រៀមការផលិតវ៉ាក់សាំងរបស់ខ្លួន រួមជាស្រេចទៅហើយនៅក្នុងរោងចក្រចំនួន ០៦ ដែលកំពុងធ្វើប្រតិបត្តិការស្រាប់ នៅក្នុងសហរដ្ឋអាមេរិក។ Novavax ក៏គ្រោងបើកដំណើរការរោងចក្រចំនួន ០៨ នៅក្នុងប្រទេសចំនួន ០៧ទៀត ដើម្បីបង្កើនការផលិតវ៉ាក់សាំងឲ្យដល់ ០២លានដូសក្នុងមួយឆ្នាំ ក្នុងនោះវិទ្យាស្ថានស៊ែរឹម (Serum) របស់ប្រទេសឥណ្ឌា ក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមហ៊ុន ដែលនឹងត្រូវទទួលបន្ទុកក្នុងការផលិតនេះដែរ។

ទោះជាបែបនេះក្តី ក្រុមហ៊ុន Novavax បានសង្កត់ធ្ងន់ថា លទ្ធផលខាងលើនេះ គឺស្ថិតក្នុងលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ហើយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅរដ្ឋ ម៉ារីឡេនដ៍ (Maryland) នៃសហរដ្ឋអាមេរិកមួយនេះ ត្រូវការពេលចាប់ពីពីរទៅបីខែទៀត ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ (ប្រមូលទិន្នន័យជារួមអំពីដំណើរការធ្វើតេស្ត និងប្រសិទ្ធភាព) រួចដាក់ទៅអាជ្ញាធរពាក់ព័ន្ធរបស់អាមេរិក ដើម្បីធ្វើការអនុម័ត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើវ៉ាក់សាំង ផលិតក្នុងស្រុកចំនួនពីររួចទៅហើយ នោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ដែលអាចប្រើប្រាស់ក្នុងករណីបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19៕