(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញជាលើកដំបូងឡើងវិញ នូវករណីឆ្លងជំងឺ COVID-19 ក្នុងស្រុក ដែលមិនធ្លាប់មានជិត ២ខែ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញ ករណីឆ្លងជំងឺ COVID-19 ក្នុងស្រុកចំនួន ០២ករណី និងបានបង្គាប់ឲ្យអាជ្ញាធរនៅតាមខេត្ត និងស្ថាប័នរដ្ឋទាំងអស់នៅទូទាំងប្រទេស បង្កើនសកម្មភាពត្រួតពិនិត្យ រកអ្នកឆ្លងឲ្យបានតឹងរ៉ឹងបំផុត។ ករណីឆ្លងថ្មីទាំង០២នោះ ត្រូវបានរកឃើញនៅក្នុងខេត្តភាគខាងជើងគឺ ហៃដុង (Hai Duong) និង ក្វាងនិញ (Quang Ninh) ហើយ ០១ករណីមានជាប់ពាក់ព័ន្ធនឹងវីរុស COVID-19 ទម្រង់ថ្មីចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា វៀតណាមទប់ស្កាត់រលកទីមួយនៃការរាតត្បាត COVID-19 បានសម្រេចកាលពីខែមេសា ឆ្នាំ២០២០ ហើយមិនមានករណីឆ្លងក្នុងស្រុកជិត ១០០ថ្ងៃ រហូតទាល់តែវាបានលេចឡើងជាថ្មីនៅទីក្រុងដាណាង (Da Nang) កាលពីខែកក្កដា។ បន្ទាប់មកករណីឆ្លងក្នុងស្រុកមួយចំនួនទៀត ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីដើមខែធ្នូ ហើយមកទល់ថ្ងៃព្រហស្បតិ៍នេះ ទើបលេចឡើងសាជាថ្មីថែមទៀត។ គិតត្រឹមថ្ងៃព្រហសស្បតិ៍នេះ វៀតណាមមានករណីឆ្លង COVID-19 សរុប ១,៥៥៣ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយឡើងវិញ ១,៤៣០នាក់៕