(សិង្ហបុរី)៖ វៀតណាមទំនងជាប្រទេសដែលមានសេដ្ឋកិច្ច ដើរទៅមុខឈានមុខគេបំផុត ប្រចាំតំបន់អាស៊ីកាលពីឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដោយមិនមានការអន់ថយសូម្បីតែមួយត្រីមាស ខណៈសេដ្ឋកិច្ចនៃបណ្ដាប្រទេសដទៃ នៅជុំវិញពិភពលោក បានរង្គោះរង្គើរដោយសារ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក CNBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

សារព័ត៌មាន CNBC ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទិន្នន័យ ចេញផ្សាយដោយរដ្ឋាភិបាលវៀតណាម និងស្ថាប័នអន្តរជាតិដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមទាំងក្រុមអ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារអាមេរិក (Bank of America) ជាដើម។ បើតាមទិន្នន័យចេញផ្សាយ ដោយរដ្ឋាភិបាលទីក្រុងហាណូយផ្ទាល់ សេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ ទទួលបានកំណើន ២.៩ភាគរយកាលពីឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩ ខណៈសេដ្ឋកិច្ចមហាយក្សចិនស្គាល់កំណើន ២.៣ភាគរយ នៅក្នុងរយៈពេលដូចគ្នា។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារ Bank of America សេដ្ឋកិច្ចវៀតណាមអាចនឹងនៅតែបន្តមានកំណើនទៅមុខ នៅក្នុងឆ្នាំ២០២១ ដោយពួកគេបានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាម នឹងកើនឡើង ៩.៣ភាគរយក្នុងឆ្នាំ២០២១នេះ ខ្ពស់ជាងការរំពឹងទុករបស់ធនាគារពិភពលោក (World Bank) ដែលមានត្រឹម ៦.៧ភាគរយប៉ុណ្ណោះ៕