(អ៊ីស្លាម៉ាបាដ)៖ អាជ្ញាធរត្រួតពិនិត្យឱសថនប៉ាគីស្ថាន ហៅកាត់ថា DRAP បានឲ្យដឹងនៅថ្ងៃអង្គារនេះថា វ៉ាក់សាំង COVID-19 ដែលផលិតដោយក្រុមហ៊ុនផលិតឱសថជាតិ Sinopharm បានទទួលការយល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍កន្លងទៅ អាជ្ញាធរប៉ាគីស្ថានក៏បានអនុញ្ញាឲ្យវ៉ាក់សាំងរបស់ Oxford-AstraZeneca សម្រាប់ការប្រើប្រាស់បន្ទាន់ នៅក្នុងប្រទេសផងដែរ។

អាជ្ញាធរត្រួតពិនិត្យឱសថរបស់ប៉ាគីស្ថាន បានគូសបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ វ៉ាក់សាំងមួយផ្សេងទៀត ដែលផលិតដោយក្រុមឱសថជាតិចិន Sinopharm ក៏ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ផងដែរ។

សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ថែមទៀតទៀតថា ទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន Oxford និងវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm គឺសុទ្ធតែបានឆ្លងកាត់ការវាយតម្លៃលើសុវត្ថិភាព និងគុណភាពបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នេះ។

គួរបញ្ជាក់ថា បើរដ្ឋមន្រ្តីសុខាភិបាលប៉ាគីស្ថាន បានឲ្យដឹងថា អាជ្ញាធរគ្រោងនឹងចាក់ជូនប្រជាជនភាគច្រើនដោយឥតគិតថ្លៃ ខណៈដែលក្រុមហ៊ុនឯកជន ក៏អាចនឹងត្រូវបានអនុញ្ញាតឲ្យនាំចូល និងលក់វ៉ាក់សាំងផងដែរ នៅពេលដែលការផ្គត់ផ្គង់ទទួលបានមកពីក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសប៉ាគីស្ថានបានរាយការណ៍ពីការរកឃើញ អ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១,២២០ករណី និង ៤៦នាក់ស្លាប់បន្ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៥២១,២១២ករណី ក្នុងស្លាប់ជាង ១១,០០០ នាក់៕