(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះបានរាយការណ៍ អំពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១៧១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យ CCSA លោក ថាវីស៊ីន វិសានុយោធិន (Taweesin Visanuyothin) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១៥៨ករណី គឺជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ១២៥ករណី ត្រូវបានរាយការណ៍ចេញពីខេត្តសាមុតសាខន (Samut Sakhon) ជាកន្លែងដែលការផ្ទុះឡើងនៃ COVID-19 ចុងក្រោយបង្អស់នៅក្នុងប្រទេសថៃ ដែលត្រូវបានរកឃើញដំបូងនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ ចំណែកឯ ១៣ករណីផ្សេងទៀត គឺជាករណីនាំចូលដែលត្រូវបានគេរកឃើញ លើអ្នកដំណើរដែលមកពីបរទេស។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១២,៥៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៧០នាក់ និងអ្នកជាសះស្បើយ ៩,៣៥៦នាក់៕