(អាហ្សង់ទីន)៖ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តផែនដីអាល្លឺម៉ង់ (GFZ) ទើបតែបានរាយការណ៍ឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើខេត្តសានហ័ន (San Juan) នៃប្រទេសអាហ្សង់ទីន ដោយមានជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក គឺមិនមានការប្រកាសអាសន្នពីរលកយក្សសម្រាប់រញ្ជួយដីខាងលើទេ។ ភ្លាមៗបែបនេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា មានមនុស្សរងគ្រោះថ្នាក់ ឬការខូចខាតដែរឬក៏អត់ដែរ៕