(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឱកាសនៃពិធីស្បថចូលកាន់តំណែងរបស់លោក ដើម្បីអំពាវនាវឱ្យប្រជាជន និងអ្នកនយោបាយអាមេរិកទាំងអស់ ផ្សះផ្សាគ្នា និងចូលរួមចំណែកស្វែងរក «ឯកភាពជាតិ» សម្រាប់សហរដ្ឋអាមេរិក ខណៈលោក ដូណាល់ ត្រាំ ទំនងជាមិនបានស្ដាប់លឺ ការអំពាវនាវនេះដោយផ្ទាល់នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

នាពេលបច្ចុប្បន្ន វិបត្តិ COVID-19, បាត់បង់ការងារធ្វើ, និងការបែកបាក់យ៉ាងជ្រៅ នៅក្នុងចំណោមអ្នកនយោបាយ និងប្រជាជនអាមេរិក ជាបញ្ហាប្រឈមជាអាទិភាពដែល លោក ចូ បៃដិន ត្រូវដោះស្រាយ ហើយទីប្រឹក្សារបស់លោក យល់ថាលោក បៃដិន នឹងយកឱកាស ថ្ងៃស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យអាមេរិក មានឯកភាពជាតិគ្នាឡើងវិញ។ «ស្ថានភាពបច្ចុប្បន្ន ដែលលោក បៃដិន កំពុងប្រឈមមុខគឺពិតជាអាក្រក់បំផុត...ប៉ុន្តែខ្ញុំជឿថាលោក បៃដិន នឹង ក្លាយជាប្រធានាធិបតីដ៏ល្អម្នាក់ សម្រាប់ពេលវេលានេះ ពីព្រោះលោកមានគោលនយោបាយផ្ទាល់ខ្លួន និងមិនមែនជាមនុស្សនិយាយបំភ្លៃការពិត»។ នេះគឺជាលើកឡើង របស់លោក Cody Keenan ដែលជាអតីតប្រធានតែងសុន្ទរកថាសម្រាប់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។

គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃពុធ ទី២០ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ប៉ុន្តែ លោក ដូណាល់ ត្រាំ បានប្រកាសទុកជាមុនរួចហើយថា នឹងមិនចូលរួមក្នុងពិធីនេះឡើយ ធ្វើឱ្យលោកក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែង នៃអ្នកបន្តវេនពីលោក ចាប់តាំងពីសម័យអតីតប្រធានាធិបតីអាមេរិក លោក Andrew Johnson ដែលមិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Ulysses Grant នៅឆ្នាំ១៨៦៩៕