(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤២,០២២នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៤២២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៤,៦២៦,៣៧៦ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤០៨,៦២០នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៤,៥៥១,៦៨៥នាក់។

គួរបញ្ជាក់ថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក គឺលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បាននិយាយថា គោលដៅរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) ក្នុងការចែកចាយវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងប្រធានាធិបតីរបស់លោក គឺពិតជារឿងដែលអាចធ្វើទៅបាន៕