(មីយ៉ាន់ម៉ា)៖ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានលុបចោលកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុនឧស្សាហកម្មខ្នាតធំរបស់ថៃ ដើម្បីធ្វើការលើគម្រោងកំពង់ផែសមុទ្រទឹកជ្រៅ ដែលមានភាពចម្រូសចម្រាសមួយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

គម្រោងកំពង់ផែ Dawei ត្រូវបានគេផ្សព្វផ្សាយថា ជាមធ្យោបាយមួយ ដើម្បីជម្រុញទឹកចិត្តដល់ការវិនិយោគបរទេស ទៅវិនិយោគនៅមីយ៉ាន់ម៉ា នៅពេលដែលប្រទេសមួយនេះ រួចចេញពីការគ្រប់គ្រងពីរបបយោធា អស់រយៈពេលជាច្រើនទសវត្ស។ ប៉ុន្តែគម្រោងនេះ ត្រូវបានរងផលប៉ះពាល់ ដោយឧបសគ្គជាច្រើន ដែលរួមមានការតស៊ូថវិកា និងការប្រឆាំងតវ៉ាក្នុងស្រុក។

គម្រោងកំពង់ផែ ដែលត្រូវបានពន្យារពេលយ៉ាងយូរ នៅជុំវិញភាគខាងត្បូង តំបន់ប្រជុំជន Dawei នេះ មានគោលបំណងអភិវឌ្ឍន៍ ជាតំបន់ឧស្សាហកម្មមួយ ដែលមានទំហំប្រមាណ២០០គីឡូម៉ែត្រការ៉េ។

គណៈកម្មាធិការទទួលបន្ទុកតំបន់សេដ្ឋកិច្ចពិសេស Dawei បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានបាត់ទំនុកចិត្ត លើក្រុមហ៊ុន Italian-Thai Development បន្ទាប់ពីមានបញ្ហាដដែលៗជាបន្តបន្ទាប់។

ដោយប្រកាសអំពីការលុបចោល, គណៈកម្មាធិការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស Dawei បានលើកឡើង ពីការពន្យារពេលម្តងហើយម្តងទៀត, ការបន្តការរំលោភលើកាតព្វកិច្ចហិរញ្ញវត្ថុ ក្រោមកិច្ចសន្យា និងការខកខានរបស់ម្ចាស់សម្បទាន ក្នុងការបញ្ជាក់ពី សមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីបន្តការអភិវឌ្ឍន៍។

ប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ Dawei លោក Tun Naing បានលើកឡើងថា មីយ៉ាន់ម៉ា ឥឡូវនេះ កំពុងស្វែងរកអ្នកអភិវឌ្ឍន៍ថ្មី ដើម្បីវិនិយោគលើគម្រោងនេះ៕