(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិកត្រូវគេរាយការណ៍ថា បានទទូចឲ្យទីភ្នាក់ងារ FBI ធ្វើការត្រួតពិនិត្យឲ្យល្អិតល្អន់ជាទីបំផុត ទៅលើកងកម្លាំងឆ្មាំការពារទាំង ២៥,០០០នាក់ ដែលត្រូវមានវត្តមាននៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីការពារសន្តិសុខពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ចំពោះមុខក្តីបារម្ភអំពីការគំរាមកំហែង ដែលអាចកើតឡើងចេញពីរនុកក្នុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

មកទល់ពេលនេះ រដ្ឋធានីវ៉ាស៉ីនតោននៅតែបន្តស្ថិតក្រោមស្ថានភាពប្រុងជើងការកម្រិតខ្ពស់ ចាប់តាំងតែពីមានការផ្ទុះអំពើហិង្សាដ៏អាក្រក់ នៅពេលក្រុមកុបករបានសម្រុកចូលអុកឡុកវិមានសភាអាមេរិក។ សកម្មភាពចូលលុកលុយ អគាររដ្ឋាភិបាលអាមេរិកដ៏សំខាន់បំផុតមួយយ៉ាងងាយបែបនេះ បានបង្កការសង្ស័យថា អាជ្ញាធរសន្តិសុខអាមេរិកមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ ហើយខ្លះទំនងជាបានបើកដៃឲ្យក្រុមកុបករចូលទៅទីនោះតែម្តង។

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសនាពេលកន្លងមក របស់ក្រសួងការពារជាតិអាមេរិក កងកម្លាំងឆ្មាំការពារជាតិសរុប ២៥,០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីធានាសន្តិសុខនៅក្នុងទីក្រុងវ៉ាស៉ីនតោន ស្របពេលដែលពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងត្រូវប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) ត្រូវនឹងយប់ថ្ងៃពុធដដែលពេលវេលានៅភ្នំពេញ)៕