(ហ្កាតេម៉ាឡា)៖ កងកម្លាំងសន្តិសុខនៃប្រទេសហ្កាតេម៉ាឡាបានប្រើប្រាស់ដំបង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលមានបំណងសម្រុកទៅសុំសិទ្ធិជ្រកកោន នៅក្នុងសហរដ្ឋអាមេរិក ចំពេលដែលោក ចូ បៃដិន ត្រៀមស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មី របស់ប្រទេសមហាអំណាចមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

បើតាមអាជ្ញាធរហ្កាតេម៉ាឡា ជនភៀសខ្លួនចន្លោះពី ៧,០០០-៨,០០០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ បានសម្រុកចូលប្រទេសហ្កាតេម៉ាឡា តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ។ ពួកគេទាំងនេះភាគច្រើនជាជនភៀសខ្លួន ធ្វើដំណើរមកពីប្រទេសហុងឌូរ៉ាស់ ដែលកំពុងរត់គេចេញពីអំពើហិង្សា ភាពក្រីក្រ និងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19។

ការិយាល័យប្រធានាធិបតីហ្កាតេម៉ាឡាបានចាត់ទុកថា នេះជាលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមិនអាចទទួលយកបាន និងបានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «ហ្កាតេម៉ាឡាបានបញ្ជូនសារច្បាស់លាស់ថា វាជាលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមិនអាចទទួលយកបាន។ នេះគឺជាហេតុផលដែលពួកយើងត្រូវធ្វើការ ជាមួយបណ្ដាប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហានេះ ដែលជាបញ្ហាតំបន់ទាំងមូល»។

គួរបញ្ជាក់ថា លំហូរជនភៀសខ្លួនក្នុងតំបន់អាមេរិកកណ្ដាល ដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ បានកើតមានឡើងចំពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន សន្យាថា នឹងលុបចោលគោលនយោបាយអន្តោប្រវេសន៍ បែបរឹតត្បិតជាច្រើនរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានក្រុមអ្នកប្រជាធិបតេយ្យ ក្នុងនោះរួមទាំងលោក បៃដិន ផ្ទាល់ចោទប្រកាន់ថា គ្មានចិត្តមេត្តាធម៌ចំពោះជនអន្តោប្រវេសន៍។ ប៉ុន្តែពាក្យសន្យាទាំងនេះ នឹងក្លាយជាការធ្វើតេស្ដដំបូងគេបំផុត ចំពោះរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ស្របពេល ក្រុមមន្ត្រីអាមេរិកជាច្រើនព្រមានថា លំហូរជនអន្តោប្រវេសន៍ដ៏ឆាប់រហ័ស និងច្រើនសន្ធឹកសន្ធាប់បែបនេះ អាចនឹងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ នៅតាមតំបន់ព្រំដែនដួលរលំ៕