(ហ្សាកាតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៩៦នាក់ហើយ ខណៈមនុស្សជិត ៧ម៉ឺននាក់ទៀតត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាពជាបណ្ដោះអាសន្ន បន្ទាប់ពីគ្រោះរញ្ជួយដី និងគ្រោះទឹកជំនន់ បានវាយប្រហារភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក រ៉ាទិត្យា ចាទី (Raditya Jati) បានគូសបញ្ជាក់ថា មនុស្ស ៨១នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ និងគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័របានវាយប្រហារខេត្តស៊ូឡាវ៉េស៊ីខាងលិច (West Sulawesi) កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍មុន ខណៈមនុស្ស ១៥នាក់ទៀតបានស្លាប់ បន្ទាប់ពីគ្រោះទឹកជំនន់បានវាយប្រហារខេត្តកាលីម៉ាន់តាន់ខាងត្បូង (South Kalimantan) ចាប់តាំងពីថ្ងៃទី១៤ ខែមករាមកម្ល៉េះ។

គ្រោះរញ្ជួយដីខាងលើ បានបង្ខំឲ្យមនុស្សប្រមាណ ២៨,០០០នាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងស្នាក់នៅមជ្ឈមណ្ឌលជម្លៀសចំនួន ២៥ នៅតំបន់ ម៉ាមូជូ (Mamuju) ទីក្រុង ម៉ាចេណេ (Majene) ខេត្ត West Sulawesi ខណៈគ្រោះទឹកជំនន់ បានបង្ខំឲ្យមនុស្សជិត ៤០,០០០នាក់ផ្សេងទៀត ស្នាក់នៅខេត្ត South Kalimantan។

លោក Raditya Jati បានគូសបញ្ជាក់បន្ថែមថា ផ្ទះសម្បែងប្រមាណ ១,១៥០ខ្នង និងអគារសិក្សា ០៥ខ្នងនៅខេត្ត West Sulawesi ត្រូវបានបាក់រលំ ខណៈផ្ទះសម្បែងជិត ២៥,០០០ខ្នងនៅខេត្ត South Kalimantan ត្រូវបានទឹកជន់លិច។ ភាពអាសន្នត្រូវបានប្រកាសនៅទីនោះ ចាប់តាំងពីថ្ងៃទី១៤ ខែមករាមកម្ល៉េះ ហើយការវាយតម្លៃអំពីហានិភ័យក៏ត្រូវបានធ្វើឡើងផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីជាប្រទេសមួយ ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រដ៏សាហាវ ជាមួយនឹងរលកយក្ស ស៊ូណាមិ បានវាយប្រហារទីក្រុង ប៉ាលូ (Palu) ដែលស្ថិតនៅលើកោះ Sulawesi នេះដូចគ្នា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់៕