(ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាពួកគេបានរកឃើញវីរុសកូរ៉ូណា COVID-19 នៅក្នុងការ៉េម ដែលផលិតដោយក្រុមហ៊ុនមួយស្ថិត នៅភាគខាងកើត នៃប្រទេស ខណៈការ៉េមរាប់ពាន់កេស កំពុងត្រូវបានប្រមូលពីទីផ្សារមកវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។

ការ៉េមដែលគេរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា គឺជាផលិតផលរបស់ក្រុមហ៊ុន Daqiaodao Food មានមូលដ្ឋានក្នុងទីក្រុង Tianjin ស្ថិតនៅក្បែររដ្ឋធានីប៉េកាំង។ បច្ចុប្បន្ន ក្រុមហ៊ុន Daqiaodao Food ត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន រីឯបុគ្គលិកក្រុមហ៊ុនកំពុងទទួលការធ្វើតេស្ដរក COVID-19។ តែមកទល់នឹងពេលនេះ មិនទាន់មានការ បញ្ជាក់ថាមាននរណាម្នាក់ឆ្លង COVID-19 ពីការ៉េម នៅឡើយទេ។

គួរបញ្ជាក់ថា ភាគច្រើននៃការ៉េមចំនួន ២៩,០០០កេស របស់ក្រុមហ៊ុនខាងលើត្រូវបានលក់ទៅកាន់ទីផ្សារ ដោយក្នុងនោះមាន ៣៩០កេស ត្រូវបានលក់ក្នុងទីក្រុង Tianjin ហើយអាជ្ញាធរចិន កំពុងប្រមូលការ៉េមទាំងនេះត្រឡប់មកវិញ។ បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ចិនមានអ្នកឆ្លង COVID-19 សរុប ៨៨,២២៧នាក់ ក្នុងនោះស្លាប់ ៤,៦៣៥នាក់ និងជាសះស្បើយឡើងវិញ ៨២,៣៨៧នាក់៕