(វ៉ាស៊ីនតោន)៖ ទោះបីជាត្រូវបានគេស្គាល់ថាជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft និងជាមនុស្សម្នាក់ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោកក៏ដោយ ក៏លោក បៀល ហ្គេតស៍ (Bill Gates) មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើកសិកម្ម ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ដែរ ដោយការបានចំណាយប្រាក់ ទៅក្នុងវិស័យកសិកម្មនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។

លោក Bill Gates និងភរិយារបស់លោក គឺលោកស្រី Melinda ត្រូវបានគេដាក់ឈ្មោះថាជាម្ចាស់ដីចម្ការធំជាងគេនៅសហរដ្ឋអាមេរិក ដែលមានទំហំជិត ១,០០០គីឡូម៉ែត្រក្រឡា នៅទូទាំងរដ្ឋជាង១២។

កាសែតអាមេរិក The Wall Street Journal បានដកស្រង់សម្ដីរបស់លោក Michael Larson ដែលជាអ្នកគ្រប់គ្រងមូលនិធិដែលក្រុមគ្រួសារ Gates បានជួលត្រឡប់ មកវិញ កាលពីឆ្នាំ១៩៩៤ ដើម្បីធ្វើពិពិធកម្មទ្រព្យសម្បត្តិរបស់ពួកគេ ដោយបាននិយាយថា ប្តីប្រពន្ធនេះបានវិនិយោគលើដីចម្ការជាង ១០ម៉ឺនហិកតានៅទូទាំង សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ លោក Gates និងភរិយារបស់លោក បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីជួយកសិករនៅក្នុងប្រទេសដែល កំពុងអភិវឌ្ឍន៍។ ប្រហែលជាមួយឆ្នាំមុន មហាសេដ្ឋីរូបនេះ ក៏បានបង្កើត Gates Ag One ដើម្បីជម្រុញកសិកម្មនៅក្នុងសង្គមដែលមិនសូវមានផលប្រយោជន៍ផងដែរ៕