(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានធ្វើតេស្ដបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ កំឡុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំលើកទី៤ ដែលធ្វើឡើងចំពេលកំពុងមាន ភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក មុនពេលលោក ដូណាល់ ត្រាំ ចប់អាណត្តិជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករានេះ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។

ការធ្វើតេស្ដមីស៊ីលរយៈចម្ងាយខាងលើរបស់អ៉ីរ៉ង់ ត្រូវបានធ្វើឡើងក្នុងសមយុទ្ធយោធាមួយកាលពីថ្ងៃសោរ៍ម្សិលមិញ ដោយមានការធ្វើតេស្ដយន្ដហោះដ្រូនប្រយុទ្ធរាប់ សិបគ្រឿងផងដែរ។ បើតាមយោធាអ៉ីរ៉ង់ មីស៊ីលនេះបាញ់បានចម្ងាយ ១,៨០០គីឡូម៉ែត្រ និងធ្លាក់ចំគោលដៅដែលបានរៀបចំ នៅឯផ្នែកមួយនៃភាគខាងជើង មហាសមុទ្រឥណ្ឌា។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ លោក មហំាម៉ាត់ បាកហ្គេរី (Mohammad Bagheri) បានអះអាងថាសមយុទ្ធយោធាអ៉ីរ៉ង់ មិនមែនជាសកម្មភាពត្រៀមឈ្លានពានប្រទេសណាមួយឡើយ។ «យើងមិនមានបំណងឈ្លានពានប្រទេសណាមួយទេ។ ប៉ុន្តែ ការធ្វើសមយុទ្ធយោធានេះគឺជាសារមួយ បង្ហាញថាអ្នកដែលឈ្លានពានប្រទេសយើង នឹងទទួលរងការវាយប្រហារពីយើងវិញយ៉ាងចាស់ដៃ ហើយត្រឹមរយៈពេលខ្លីប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់របស់លោក មហំាម៉ាត់ បាកហ្គេរី ដោយបន្ថែមទៀតថាមីស៊ីលរយៈចម្ងាយដែលត្រូវបានបាញ់សាកល្បង បានបាញ់ចំគោលដៅយ៉ាងល្អឥតខ្ចោះ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីពេលថ្មីនេះ បានបញ្ជូនយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដែល ធ្វើឱ្យអ្នកជំនាញយោធាជាច្រើន បារម្ភថា លោកប្រធានាធិបតីជិតផុតអាណត្តិរូបនេះ អាចនឹងបញ្ជាឱ្យយោធាអាមេរិក បើកការវាយប្រហារណាមួយលើអ៉ីរ៉ង់ នៅថ្ងៃចុងក្រោយដែលលោកត្រូវចាកចេញពីសេតវិមាន៕