(ហុងកុង)៖ ទីក្រុងហុងកុង នៅថ្ងៃសៅរ៍នេះ បានវាយបកទៅសហរដ្ឋអាមេរិកវិញ ជុំវិញការដាក់ទណ្ឌកម្មថ្មីចុងក្រោយទៅលើមន្រ្តីហុងកុងចំនួន ០៦រូប ដោយបានហៅសកម្មភាពនេះថាជាទង្វើហួសហេតុមិនគួរឲ្យជឿ ឥតអៀនខ្មាស់ និងយ៉ាងអាក្រក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើមន្រ្តីហុងកុងចំនួន ០៦រូប ក្នុងនោះរួមមានអ្នកតំណាងម្នាក់របស់ហុងកុង ប្រចាំស្ថាប័នកំពូលមួយរបស់ចិនថែមទៀតផង ជុំវិញការចាប់ខ្លួនសកម្មជនជាង ៥០នាក់នៅក្នុងទីក្រុងនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលហុងកុងបានសម្តែងនូវ «ការខឹងសម្បារយ៉ាងខ្លាំង» និងបានថ្កោលទោសការដាក់ទណ្ឌកម្មនេះ ថាជាទង្វើគំរាមកំហែង និងការប៉ុនប៉ងថ្មីចុងក្រោយគេរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ព្រមទាំងរារាំងកិច្ចខំប្រឹងប្រែងរបស់ទីក្រុងហុងកុងការការពារសន្តិសុខជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ រដ្ឋាភិបាលចិនបានដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មីមួយនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីមានការតវ៉ាដែលបង្កឲ្យមានអំពើហិង្សា។ សរុបមកទល់ពេលនេះ មនុស្ស ៩០នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ ខណៈស្ថានទម្ងន់គឺអាចជាប់ពន្ធនាគាររហូតអស់មួយជីវិតចំពោះបទល្មើសណាមួយដែលទីក្រុងប៉េកាំងចាត់ទុកថាជា «ការធ្វើអបគមន៍, ការធ្វើវិទ្ធង្សនា, ការគប់គិតជាមួយកម្លាំងបរទេស និងការប្រព្រឹត្តិអំពើភេរវកម្ម»