(វ៉ាស៉ីនតោន)៖ គណនី Facebook និង Instagram របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) ធ្លាប់បានអះអាងថា ការបិទគណនីទាំងនេះរបស់លោក ត្រាំ នឹងបន្តរហូតដល់យ៉ាងហោចថ្ងៃស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មីរបស់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។

ក្រោយកើតមានសកម្មភាពកុបកម្មដ៏កក្រើក នៅវិមានសភាអាមេរិកកាលពីថ្ងៃទី០៦ ខែមករា គណនីបណ្តាញសង្គមរបស់លោក ត្រាំ ត្រូវបានផ្អាកជាបន្តបន្ទាប់ រួមមានទាំង Twitter និង YouTube ផងដែរ។ សម្រាប់គណនី Facebook និង Instagram របស់លោក ត្រាំ ត្រូវបានផ្អាកជាលើកដំបូង នៅក្នុងថ្ងៃទី០៦ ខែមករា នោះតែម្តង ដោយគេគិតថានឹងមានរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែឈានមកដល់ថ្ងៃទី០៧ ខែមករា លោក Mark Zuckerberg បានប្រកាសថា ពួកវានឹងត្រូវផ្អាករហូតដល់អាណត្តិលោក ត្រាំ ត្រូវបានបញ្ចប់ជាស្ថាពរ។

អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ គឺគណនី Facebook របស់លោក ដូណាល់ ត្រាំ បានរបូតតំណែងជាប្រធានាធិបតីទៅហើយ ដោយជំនួសមកវិញនូវការបញ្ជាក់ត្រឹមថា លោក ដូណាល់ ត្រាំ ជាអ្នកនយោបាយតែប៉ុណ្ណោះ (@DonaldTrump. Political Candidate)។

គួរបញ្ជាក់ថា ការបិទគណនីបណ្តាញសង្គមរបស់លោក ត្រាំ ត្រូវបានធ្វើឡើងដោយសារហេតុផលថា លោកបានបំផុសឲ្យមានការបំផ្ទុះអំពើហិង្សា នៅពេលលោកថ្លែងសារមួយចេញពីសេតវិមាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការចូលអុកឡុកវិមានសភាអាមេរិក ដែលបានបង្កឲ្យមានមនុស្សស្លាប់យ៉ាងហោច ០៥នាក់។ អំឡុងការថ្លែងសារនោះ លោក ត្រាំ បានអំពាវនាវកុំឲ្យអ្នកគាំទ្រលោកទទួលស្គាល់លទ្ធផលការបោះ ឆ្នោតកាលពីឆ្នាំ២០២០ ដែលលោកជឿថាគ្មានតម្លាភាព៕