(អាតែន)៖ រដ្ឋមន្រ្តីការបរទេសក្រិក លោក នីកូស ឌែនឌីយ៉ាស (Nikos Dendias) បាននិយាយថា ប្រទេសក្រិកគាំទ្រយ៉ាងពេញទំហឹង ដល់ប្រទេសម៉ាសេដូនខាងជើង (North Macedonia) ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) រួមជាមួយបណ្តាប្រទេស នៅតំបន់បាល់កានខាងលិច (Western Balkan) ដទៃទៀត ដរាបណាលក្ខខណ្ឌនានា ដែលត្រូវបានព្រមព្រៀងគ្នាកាលពីមុន ត្រូវបានបំពេញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

លោក Nikos Dendias បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលចេញផ្សាយតាមរយៈទូរទស្សន៍ជាតិក្រិកថា «ប្រទេសក្រិក បានគាំទ្រយ៉ាងពេញទំហឹង គាំទ្រយ៉ាងសកម្ម និងគាំទ្រជាប្រវត្តិសាស្រ្ត នូវទស្សនវិស័យរបស់បណ្តាប្រទេស នៅតំបន់បាល់កានខាងលិច ដែលវាមានរយៈពេលជាង ០២ទសវត្សរ៍ហើយ ហើយយើងនឹងបន្តធ្វើវាទៀត»។

លោក Nikos Dendias ក៏បានកត់សម្គាល់ផងដែរថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀង ព្រេស្ប៉ា (Prespa) ឆ្នាំ២០១៨ ដែលបានដោះស្រាយជម្លោះជាយូរមកហើយ រវាងប្រទេសទាំងពីរលើការប្រើប្រាស់ឈ្មោះ ម៉ាសេដូន (Macedonia) គឺជាតម្រូវការជាមុន សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការនេះ។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង Prespa ប្រទេសបាល់កានមួយនេះ ត្រូវបានប្តូរឈ្មោះពីសាធារណរដ្ឋម៉ាសេដូន (Macedonia) ទៅជាសាធារណរដ្ឋម៉ាសេដូនខាងជើងវិញ។ ការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះ Macedonia កាលពីមុន គឺមានឈ្មោះដូចគ្នាទៅនឹងខេត្តមួយ នៅភាគខាងជើងនៃប្រទេសក្រិក បានកើតមានឡើងចាប់តាំងពី ម៉ាសេដូនខាងជើង បានប្រកាសឯករាជ្យពីអតីតសហភាពយូហ្គោស្លាវី (Yugoslavia) ដែលកាលពីមុនបានបង្កឲ្យមានការព្រួយបារម្ភ យ៉ាងខ្លាំងនៅក្នុងប្រទេសក្រិកថា ការប្រើប្រាស់ឈ្មោះជាន់គ្នានេះ អាចនាំឲ្យមានការទាមទារទឹកដី ដោយប្រទេសម៉ាសេដូនខាងជើងបាន៕