(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ឌែលតា អ៊ែរ ឡាញ (Delta Air Lines) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តដាក់ចេញវិធានការរឹតត្បិត ថ្មីមួយចំនួនលើអ្នកដំណើរទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់ រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដែលកំពុងស្ថិតនៅក្នុងគ្រាអាសន្ន បន្ទាប់ពីក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលវាយប្រហារវិមានសភា និងបានកើតមានអំពើហិង្សា យ៉ាងក្តៅគគុកនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុន Delta Air Lines នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរ តាមជើងហោះហើររបស់ខ្លួន ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នាំយកកាំភ្លើងជាប់ខ្លួននោះទេ ហើយពួកគេនឹងត្រូវទទួល ការត្រួតពិនិត្យជាមុនសិន មុននឹងឡើងជិះយន្ដហោះ។ ការសម្រេចចិត្តបែបនេះ គឺជាផ្នែកមួយនៃកិច្ចការពារសន្តិសុខ សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២០ ខែមករានេះ និងបន្ទាប់ពីក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលវាយប្រហារវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់។

បន្ថែមពីលើនេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ក៏បានព្រមានដែរថា អំពើហិង្សាប្រដាប់អាវុធ និងបាតុកម្មអាចនឹងផ្ទុះឡើងទូទាំងរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិក នៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែង។

គួរបញ្ជាក់ថា សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងហាងទំនិញនានា បាននិងកំពុងរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ខណៈកងទ័ពយ៉ាងហោច ២០,០០០នាក់ គ្រោងនឹងត្រូវបានដាក់ពង្រាយ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ លោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ បានប្រកាសរួចហើយថា នឹងមិនចូលរួមក្នុងពិធីចូលស្បថកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ របស់លោក ចូ បៃដិន នោះទេ៕