(ឡុងដ៍)៖ ចក្រភពអង់គ្លេស បានហាមឃាត់គ្រប់អ្នកធ្វើដំណើរទាំងអស់ ដែលមកពីប្រទេសនៅទ្វីបអាមេរិកខាងត្បូង, ប្រទេសព័រទុយហ្គាល់ ព្រមទាំងប្រទេសប៉ាណាម៉ា និងប្រទេស Cape Verde ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ប្រភេទថ្មី ដែលគេរកឃើញ នៅក្នុងប្រទេសប្រេស៊ីល ចំពេលដែលមានការព្រួយបារម្ភថា វីរុសនេះ អាចធន់នឹងវ៉ាក់សាំង, នេះបើយោងតាមសារព័ត៌មាន Dialy Mail បានចេញផ្សាយនាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Grant Shapps បានប្រាប់ឲ្យដឹងថា លោកបាននឹងកំពុងចាត់វិធានការបន្ទាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វីរុសឆ្លង COVID-19 ប្រភេទថ្មីនេះ ចូលមកកាន់ចក្រភពអង់គ្លេស។

វិធានការនេះ គឺមានភាពធំជាងការរំពឹងទុកទៅទៀត, បើទោះបីជាជនជាតិអង់គ្លេស និងអៀរឡង់ មិនត្រូវបានបិទមិនឲ្យឆ្លងកាត់រកគ្នាក្តី, ប៉ុន្តែត្រូវតែរស់នៅដាច់ដោយឡែកពីគេ រយៈពេល១០ថ្ងៃជាមុនសិន នៅពេលឆ្លងកាត់ព្រំដែន៕