(ដាកា)៖ អង្គការសហប្រជាជាតិបាន(UN)និយាយថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅក្នុងជំរុំជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅភាគខាងត្បូងនៃប្រទេសបង់ក្លា កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១៤ មករា ឆ្នាំ២០២១នេះ ដែលបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនរាប់ពាន់នាក់។ នេះបើយោងតាមការចេះផ្សាយដោយសារព័ត៌មាន CNA។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជម្រកជាង ៥៥០ខ្នង ដែលមានប្រជាជនប្រមាណ ៣,៥០០ នាក់រស់នៅ ត្រូវបានបំផ្លាញទាំងស្រុង ដោយអគ្គិភ័យ។ ព្រមជាមួយគ្នានោះ កន្លែងលក់ដូរជាង ១៥០កន្លែង និងកន្លែងដែលជាកម្មសិទ្ធិរបស់អង្គការមិនស្វែងរកប្រាក់ចំណេញមួយចំនួន ក៏ត្រូវបានអគ្គីភ័យឆាបឆេះអស់ដែរ។

ជនភៀសខ្លួនម្នាក់ លោក Muhammad Arakani បាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា «អាគារអ្វីក៏ត្រូវបានដុតបំផ្លាញទាំងស្រុងដែរ ។ គ្មានអ្វីនៅសល់ទេ... មនុស្សគ្រប់គ្នាកំពុងយំ។ ពួកគេបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់ គ្មានសល់អ្វីឡើយ»

គួរបញ្ជាក់ថា ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ កំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន នៅភាគខាងត្បូងនៃប្រទេសបង់ក្លាដែស ដែលភាគច្រើនបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៧។ បើតាមអង្គការសហប្រជាជាតិ ជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមមួយនេះ គឺជាជនជាតិភាគតិចដែលរងការធ្វើទុកបុកម្នេញខ្លាំងជាងគេបំផុត ក្នុងពិភពលោក៕