(ម៉ានីឡា)៖ ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ ( Rodrigo Duterte) នៅថ្ងៃប្រហស្បតិ៍នេះ បាននិយាយការពារ វ៉ាក់សាំង COVID-19 ដែលផលិតដោយក្រុមហ៊ុនផលិតឱសថចិន ដោយលើកឡើងថា វ៉ាក់សាំងចិន គឺ«មានសុវត្ថិភាព និងមានប្រសិទ្ធភាព»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាមួយ ដែលចាក់ផ្សាយនៅយប់ថ្ងៃពុធនេះ លោក Duterte បាននិយាយថា វ៉ាក់សាំងដែលផលិតដោយប្រទេសចិន គឺល្អដូចវ៉ាក់សាំងដែលផលិតដោយសហរដ្ឋអាមេរិក និងក្រុមហ៊ុនឱសថអឺរ៉ុប ដូច្នោះដែរ។

បុរសខ្លាំងហ្វីលីពីនរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជនជាតិចិន មិនបានខ្ជីខ្ជាក្នុងការផលិតវ៉ាក់សាំងនេះទេ ហើយពួកគេក៏មិនល្ងង់ខ្លៅដែរ។ ជនជាតិចិនភ្លឺស្វាងល្អណាស់ ហើយពួកគេនឹងមិនបណ្តាក់ទុនក្នុងការផលិតវ៉ាក់សាំង ប្រសិនបើពួកគេដឹងថា ថ្នាំទាំងនេះនឹងមិនមានសុវត្ថិភាព និងមានប្រសិទ្ធភាពទេនោះ»

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន បានធ្វើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ចំនួន ២៥លានដូល្លា ពីក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech ហើយដូសដំបូងចំនួន ៥ម៉ឺនដូស ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសហ្វីលីនៅក្នុងខែកុម្ភៈ ខណៈដែលចំនួនវ៉ាក់សាំងដែលនៅសល់ នឹងត្រូវផ្តល់ជូននៅចន្លោះខែមីនារហូតដល់ ខែធ្នូឆ្នាំនេះ។

លោក Carlito Galvez មន្រ្តីទទួលបន្ទុកផ្នែកវ៉ាក់សាំងបាននិយាយថា វ៉ាក់សាំង Sinovac ចំនួន ៥ម៉ឺនដូសដំបូង នឹងត្រូវផ្តល់ជូនបុគ្គលិកសុខាភិបាល និងក្រុមអាទិភាពដទៃទៀតនៅទីក្រុងម៉ានីល ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងរីករាលដាលនៃជំងឺ COVID-19។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសសមាជិកអាស៊ានមួយនេះ បានរកឃើញករណីឆ្លងថ្មីៗ ១,៩២១ករណី ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៤៩៤,៦០៥ករណី ក្នុងស្លាប់ ៩,៧៣៩នាក់៕