(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN បានដកស្រង់សំដីមន្ត្រីពីររូប ដែលបានដឹងលឺអំពីផែនការធ្វើដំណើររបស់លោក ចូ បៃដិន (Joe Biden) យ៉ាងដូច្នេះថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ នឹងមិនធ្វើដំណើរតាមរយៈរថភ្លើង អាំត្រេក (Amtrak) ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីស្បថចូលកាន់តំណែងរបស់លោកឡើយ ខណៈមានការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើងៗ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

លោក Joe Biden ត្រូវបានគេសន្មត់ថា នឹងធ្វើដំណើររយៈពេល ៩០នាទីពីទីក្រុងវីលមីងតុន (Wilmington) នៃរដ្ឋដេឡាវែរ (Delaware) ដែលជាស្រុកកំណើតរបស់លោក ទៅកាន់ស្ថានីយ៍យូនៀន (Union) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយវាស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីវិមានសភា ដែលឥឡូវនេះកំពុងស្ថិតក្រោម ការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ក្រោយកើតមានការតវ៉ាដ៏ហិង្សាកាលពីសប្តាហ៍មុន និងការព្រួយបារម្ភអំពីគម្រោងបំផ្ទុះបាតុកម្មជាថ្មីទៀត។

កាលពីពេលថ្មីៗនេះ លោក Joe Biden ធ្លាប់បានអះអាងថា លោកនឹងធ្វើដំណើរតាមរយៈរថភ្លើង ដោយមិនគិតពីផលវិបាកណាមួយ ដែលអាចកើតឡើងនោះឡើយ ប៉ុន្តែក្រោយការកើតមានកុបកម្ម និងការកើនឡើងនូវករណីវីរុសកូរ៉ូណា (COVID-19) ទើបក្រុមរៀបចំដំណើរការ ស្បថឡើងកាន់តំណែងរបស់លោក បៃដិន បានប្រាប់ប្រធានាធិបតីជាប់ឆ្នោតរូបនេះនៅថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន) អំពីបញ្ហាប្រឈមដែលអាចកើតមាន ពាក់ព័ន្ធនឹងលទ្ធភាពនៃការផ្ទុះការតវ៉ា និងការវាយប្រហារណាមួយ។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមអំពីមធ្យោបាយធ្វើដំណើរ របស់លោក ចូ បៃដិន នៅមិនទាន់មានការបញ្ជាក់ឡើយ៕