(តេហេរ៉ង់)៖ លោក Kazem Gharibabadi អគ្គរដ្ឋទូតនិងតំណាងអចិន្រ្តៃយ៍អ៉ីរ៉ង់ប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន បាននិយាយថា អ៉ីរ៉ង់បានចាប់ផ្តើមការស្រាវជ្រាវនិងអភិវឌ្ឍដើម្បីដំឡើងប្រសិទ្ធភាពឥន្ធនៈ សម្រាប់ម៉ាស៉ីនរ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

លោក Gharibabadi កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រាប់ថា ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ IAEA បានចេញរបាយការណ៍មួយ ជូនដំណឹងដល់បណ្តារដ្ឋជាសមាជិកថា អ៉ីរ៉ង់បានចាប់ផ្តើមការដំឡើងប្រសិទ្ធភាពឥន្ធនៈសម្រាប់ម៉ាស៉ីនរ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ Tehran Research Reactor។ លោកអគ្គរដ្ឋទូតអ៉ីរ៉ង់ ក៏បានបញ្ជាក់ដែរថា សកម្មភាពនេះនឹងត្រូវប្រព្រឹត្តទៅជាដំណាក់កាលៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមករា កន្លងទៅ អ៉ីរ៉ង់បានចាប់ផ្តើមដំណើការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម២០ភាគរយ ដែលស្ថិតក្រោមផែនយុទ្ធសកម្មភាពជាយុទ្ធសាស្រ្តរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ដើម្បីទប់ទល់ប្រឆាំងនឹងការដាក់ទណ្ឌកម្មពីបរទេស។ ចាប់តាំងពីសហរដ្ឋអាមេរិកបានសម្រេចដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មជាថ្មីឡើងវិញ ទីក្រុងតេហេរ៉ង់ក៏បានឈប់អនុវត្ត នូវកាតព្វកិច្ចរបស់ខ្លួនតទៅទៀត ដែលមានចែងក្នុងកិច្ចព្រមព្រៀង៕