(ហ្សឺណែវ)៖ គណៈកម្មាធិការសង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក (WHO) នឹងបើកកិច្ចប្រជុំមុនពេលកំណត់ ០២សប្តាហ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពី វីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងប្រទេសអាហ្រ្វិកខាងត្បូង ហើយបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សដល់យ៉ាងហោច ៥០ប្រទេស ជាហេតុបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

ជាធម្មតា គណៈកម្មាធិការនេះ ជួបពិភាក្សាគ្នារៀងរាល់បីខែម្តង។ ប៉ុន្តែ WHO បានគូសបញ្ជាក់ថា អគ្គនាយកអង្គការអន្តរជាតិមួយនេះ បានជំរុញឱ្យបើកកិច្ចប្រជុំមុនកាលកំណត់ សំដៅពិចារណាលើបញ្ហា ដែលត្រូវការពិភាក្សាជាបន្ទាន់។ WHO បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា៖ «ទាំងនេះ គឺជាបម្រែបម្រួលថ្មីៗ និងការពិចារណាលើការប្រើប្រាស់ វិញ្ញាបនបត្រនៃការចាក់វ៉ាក់សាំង និងការធ្វើតេស្តសម្រាប់ការធ្វើដំណើរអន្តរជាតិ»

បច្ចុប្បន្ន មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្លាស់ប្តូរហ្សែនថ្មីនៃវីរុស COVID-19 នេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងមួយចំនួន និងធ្វើឲ្យអន្តរាយដល់ ក្តីសង្ឃឹមនៃការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះ។ គណៈកម្មាធិការជំនាញ ត្រូវបានត្រួតពិនិត្យដោយជនជាតិបារាំង លោក Didier Houssin ហើយអនុសាសន៍ នឹងត្រូវផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើង ខណៈការឆ្លងរីករាលដាលនៃ COVID-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៩២លាននាក់ ក្នុងនោះអ្នកស្លាប់ ក៏បានកើន ឡើងដល់ជិត ២លាននាក់ផងដែរ ខណៈអ្នកជាសះស្បើយ បានកើនឡើងដល់ ៦៦លាននាក់។ រដ្ឋាភិបាលនៅជុំវិញពិភពលោក កំពុងព្យាយាមស្ដារសេដ្ឋកិច្ចដែល បានធ្លាក់ចុះដ៏ឈឺចាប់នេះឡើងវិញ និងកំពុងបំពេញបន្ថែមនូវការរឹតត្បិតក្នុងសង្គមផងដែរ៕