(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ត្រូវគេរំពឹងថា នឹងតែងតាំងអ្នកជំនាញជើងចាស់ម្នាក់ខាងគោលនយោបាយការបរទេស គឺលោក ខឺត ឃែមប៊ែល (Kurt Campbell) ឲ្យកាន់មុខតំណែងបង្កើតថ្មីមួយនៅសេតវិមាន ដែលទទួលបន្ទុកគោលនយោបាយសម្រាប់តំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

យោងតាមប្រភពពីបុគ្គល៣រូបដែលជិតស្និទ្ធនឹងគម្រោងខាងលើ បានឲ្យដឹងថា លោក បៃដិន នឹងប្រកាសពីការតែងតាំងលោក Campbell ដែលជាអតីតមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងការពារជាតិអាមេរិក និងធ្លាប់បម្រើជាមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៉ី អំឡុងរដ្ឋបាលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ផងដែរនោះ ក្នុងពេលឆាប់ៗ។

កាលពីចុងឆ្នាំមុន សារព័ត៌មាន Financial Times ធ្លាប់បានរាយការណ៍ថា លោក ចូ បៃដិន កំពុងពិចារណាបង្កើតមុខតំណែងថ្មីមួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន ដោយសារសារសំខាន់កាន់តែខ្លាំងៗនៃការត្រូវប្រឈមមុខតទល់បញ្ហាជាច្រើនពាក់ព័ន្ធនឹងចិន។ នៅពេលឡើងកាន់អំណាចជាផ្លូវការនៅថ្ងៃទី២០ ខែមករា (ពេលវេលានៅអាមេរិក) លោក បៃដិន នឹងត្រូវប្រឈមជាមួយបញ្ហាចម្រុះទាក់ទងនឹងចិន ចាប់តាំងពីបញ្ហានៅហុងកុង បញ្ហាកោះតៃវ៉ាន់ រហូតដល់បញ្ហាជម្លោះពាណិជ្ជកម្ម។ លោក បៃដិន ក៏នឹងត្រូវសម្រេចថា តើគួរមិនគួររក្សាវិធានការក្តៅមួយចំនួនលើចិន ដែលលោក ត្រាំ បានដាក់ចេញអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់ខ្លួនផងដែរ៕