(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ីលោក ចូកូ វីដូដូ (Joko Widodo) បានក្លាយជាមេដឹកនាំអាស៊ានទី ២ ដែលបានទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺ COVID-19 បន្ទាប់ពីនាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង (Lee Hsien Loong) បានចាក់ដំបូងគេកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

នាថ្ងៃពុធនេះឥណ្ឌូណេស៉ីបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំនៅក្នុងប្រទេសខ្លួន ដោយមានលោក Widodo ជាបុគ្គលដំបូងគេ ដែលទទួលបានការចាក់វ៉ាក់សាំង។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៉ីបានអនុម័តឲ្យ ប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac។

បុគ្គលិកផ្នែកសុខាភិបាលសរុប ១.៤៨លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង COVID-19 ដោយចាប់ផ្តើមពីសប្តាហ៍នេះទៅ។ ក្នុងនោះមនុស្សជាង ៥៦០,០០០នាក់ ត្រូវគេរំពឹងថា នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងខែមករានេះ ហើយជាង ៩០០,០០០នាក់ទៀត នឹងទទួលការចាក់នៅក្នុងខែកុម្ភៈ។ សម្រាប់ក្រុមបន្ទាប់គឺបុគ្គលិករដ្ឋសរុបប្រមាណ ១៧.៤លាននាក់ ដែលស្ថិតក្នុងក្រុមមនុស្សប្រឈមហានិភ័យខ្ពស់។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺរាតត្បាតសកល COVID-19 នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ មកទល់ពេលនេះ ឥណ្ឌូណេស៉ីធានាបាននូវវ៉ាក់សាំង COVID-19 សរុបច្រើនជាង ៣០០លានដូស ដែលរួមមានយ៉ាងហោច ១២៥.៥លានដូសពីក្រុមហ៊ុនចិន Sinovac, ៥០លានដូសពីក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ ហ្វៃហ្សឺ-បាយអូអិនធិច (Pfizer-BioNTech), ៥០លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca, ៥៤លានដូសពីកម្មវិធី COVAX របស់អង្គការ WHO និង ៣០លានដូសទៀតពីក្រុមហ៊ុនអាមេរិក ណូវ៉ាវ៉ាក់ (Novavax)៕