(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានអះអាងថា ខ្លួននឹងបញ្ជូនក្រុមអ្នកជំនាញ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងការស៊ើបអង្កតលើ សោកនាដកម្មធ្លាក់យន្ដហោះដឹកមនុស្ស ៦២នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន នៃសហរដ្ឋអាមេរិក ក្រុមអ្នកតំណាង និងក្រុមអ្នកជំនាញបីរូបទៀត នឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានីហ្សាការតា ដើម្បីចូលរួមក្នុងការស៊ើបអង្កត ជាមួយអាជ្ញាធរឥណ្ឌូណេស៊ី លើសោកនាដកម្មយន្ដហោះ Boeing 737-500 ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វា ៤នាទីក្រោយហោះចេញពី អាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៉ីបានរកឃើញ ប្រអប់ខ្មៅផ្ទុកទន្និន័យ នៃយន្តហោះអាកាសចរណ៍ Sriwijaya និងបានស្រង់វាចេញពីក្នុងសមុទ្រហើយ ដោយរំពឹងថាអាចនឹងរកឃើញ ប្រអប់ខ្មៅផ្ទុកសំឡេងមួយទៀត នៅក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះមានគ្នាសរុប ៣,៦០០នាក់, ឧទ្ធម្ភាគចក្រ ១៣គ្រឿង, នាវាខ្នាតធំ ៥៤គ្រឿង និងទូកខ្នាតតូច ២០គ្រឿង នៅតែបន្តប្រតិបត្តិការជួយសង្រ្គោះ ដោយពួកគេបានស្រង់បំណែកសាកសពចេញពីទឹកសមុទ្រ ដែលមានជម្រៅ ២៣ម៉ែត្រជាបន្តបន្ទាប់៕