(វ៉ាស៊ីនតោន)៖ ប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងគណបក្សសាធារណរដ្ឋ ហាក់ដូចជាស្រុតចុះយ៉ាងខ្លាំង នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីសមាជិកសភាតំណាងរាស្ត្រ ០៣រូប ក្នុងនោះរួមមានថ្នាក់ដឹកនាំម្នាក់ មកពីបក្សសាធារណរដ្ឋផងដែរ បាននិយាយថា ពួកគេនឹងបោះឆ្នោតគាំទ្រនីតិវិធីទម្លាក់លោក ត្រាំ ពីតំណែង ក្រោយក្រុមគាំទ្រប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ចូលអុកឡុកវិមានសភា កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

លោកស្រី លីស ឈីនី (Liz Cheney) ដែលជាអ្នកសាធារណរដ្ឋម្នាក់ មានឥទ្ធិពលលំដាប់ទី ៣ នៅក្នុងសភាតំណាងរាស្ត្របានលើកឡើងថា នៅក្នុងប្រវត្តិសាស្ត្រអាមេរិក មិនដែលមានប្រធានាធិបតីអាមេរិកណាម្នាក់ ដែលក្បត់គណៈរដ្ឋមន្ត្រីរបស់ខ្លួន និងពាក្យស្បថស្បែរចំពោះរដ្ឋធម្មនុញ្ញ ដូចជាលោក ត្រាំ នោះទេ។ លោកស្រី Cheney បានបន្ថែមទៀតថា លោក ត្រាំ បានដុតបញ្ឆេះកំហឹងឱ្យក្រុមអ្នកគំាទ្ររបស់លោក វាយប្រហារលើវិមានសភា ដែលបណ្ដាឱ្យមនុស្ស ០៥នាក់ស្លាប់ ក្នុងនោះរួមមានប៉ូលិសម្នាក់។ ដូច្នេះហើយលោកស្រីនឹងបោះឆ្នោតគាំទ្រ ឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែង។

សមាជិកសភាតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋពីររូប ទៀតគឺ លោក ចន ខេតកូ (John Katko) និងលោក អាដាម ឃីនស៊ីងហ្គឺ (Adam Kinzinger) ក៏បានសន្យាផងដែរថា ពួកគេនឹងបោះឆ្នោតគាំទ្រឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែង ខណៈប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ដែលនៅសល់ពេលកាន់អំណាចតែ ០៨ថ្ងៃទៀតរូបនេះ កំពុងប្រឈមមុខនឹងនីតិវិធីដកតំណែងជាលើកទី ២ ពីសំណាក់សភាតំណាងរាស្ត្រ គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គ្រោងនឹងបោះឆ្នោតក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃពុធសប្ដាហ៍នេះតែម្ដង លើការដាក់ចេញមាត្រា ដែលមានចែងពីការទម្លាក់ប្រធានាធិបតី ចេញពីតំណែង ពីបទញុះញង់ឱ្យមានសកម្មភាពបះបោរ នៅក្នុងករណីដែលលោក ត្រាំ មិនព្រមលាលែងពីតំណែងដោយខ្លួនឯង ឬគ្មានកិច្ចសហការពីអនុប្រធានាធិបតី លោក ម៉ៃក៍ ភែន៕