(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំ នឹងផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ ប្រជាជនអាមេរិកដែលមានអាយុលើសពី ៦៥ឆ្នាំ ទាំងអស់គ្នា ក្នុងគោលបំណងដើម្បីពន្លឿនការចែកចាយ ខណៈដែលអត្រាអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីមានការឆ្លងរាតត្បាតមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NewYork Times នៅយប់ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

នាយកដ្ឋានសុខាភិបាលនិងសេវាកម្មមនុស្ស ត្រូវបានគេរំពឹងថា នឹងប្រកាសគោលការណ៍ណែនាំថ្មីនេះនៅឯសន្និសីទខ្លីមួយនៅអង្គារនេះតែម្តង(ម៉ោងនោសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានមនុស្សច្រើនជាង ៣៧៥,០០០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារ Covid-19 ក្នុងចំណោមអ្នកជំងឺសរុបជាង ២៣លាននាក់។ ដោយឡែក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅក្នុងប្រទេសមហាអំណាចមួយនេះ បានឡើងដល់ ៤,០០០នាក់ ក្នុងមួយថ្ងៃ។

មន្ត្រីសុខាភិបាល ក៏ត្រូវបានគេរំពឹងដែរថា នឹងណែនាំឲ្យចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់ ដែលមានជំងឺប្រចាំកាយ ដែលធ្វើឲ្យពួកគេងាយនឹងវិវត្តទៅជាអាការៈធ្ងន់ធ្ងរផងដែរ។ បច្ចុប្បន្ននេះវ៉ាក់សាំងភាគច្រើនត្រូវបានចែកចាយដល់ប្រជាជន ដែលស្ថិតក្នុងប្រភេទហានិភ័យខ្ពស់បំផុត រួមមានបុគ្គលិកផ្នែកថែទាំសុខភាពជួរមុខ និងមនុស្សចាស់នៅតាមមណ្ឌលថែទាំ៕