(វ៉ាស៊ីនតោន)៖ សមាជិកពីររូបនៃសភាអាមេរិកបាន ធ្វើតេសឃើញវិជ្ជមាន ចំពោះជំងឺ COVID-19 ក្រោយផ្ទុះកុប្បកម្ម នៅក្នុងវិមានសភាអាមេរិក កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

នៅក្នុងសារ Twitter មួយនៅថ្ងៃនេះ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យលោកស្រី Pramila Jayapal បាននិយាយថា លោកស្រីបានទៅធ្វើតេស្តរកជំងឺ COVID-19 ភ្លាម បន្ទាប់ពីបានជាប់នៅក្នុងបន្ទប់សុវត្ថិភាពជាមួយសមាជិកសភាដទៃទៀត ក្នុងកំឡុងកុប្បកម្ម កាលពីសប្តាហ៍មុន ហើយលទ្ធផលបានបង្ហាញលោកស្រីបានឆ្លងជំងឺដ៏កាចសាហាវនេះ។

លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងកំឡុងពេលជាប់គាំង ក្នុងបន្ទុបអស់ជាច្រើនម៉ោង សមាជិកសភាមកពីបក្សសាធារណៈរដ្ឋជាច្រើនរូប មិនត្រឹមតែមិនពាក់ម៉ាស់ទេ ប៉ុន្តែថែមទាំងចំអកដល់មិត្តរួមការងារ និងបុគ្គលិកដែលបានផ្តល់ម៉ាស់ជូនពួកគេពាក់ទៀតផង។

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមបាតុករដែលគាំទ្រលោក Trump បានសម្រុកចូលវិមានសភាអាមេរិក ដើម្បីទាមទារឲ្យសភាបដិសេធការឈ្នះឆ្នោតរបស់លោក Joe Biden សមាជិកសភាលោក Jake LaTurner បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ផងដែរ៕